ដាច់ភ្លើងទ្រង់ទ្រាយធំ ជះឥទ្ធិពលអាក្រក់ម្ដងទៀតនៅទូទាំងប្រទេសគុយបា ដោយសារតែប្រព័ន្ធអគ្គិសនីជាតិជួបឱនភាពថាមពលធ្ងន់ធ្ងរ
គុយបា៖ ប្រទេសគុយបា កាលពីចុងសប្ដាហ៍កន្លងទៅ បានធ្លាក់ចូលទៅក្នុងភាពងងឹតសូន្យឈឹងម្តងទៀត បន្ទាប់ពីវិបត្តិដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ បានវាយលុកពាសពេញផ្ទៃប្រទេស រួមទាំងរដ្ឋធានីហាវ៉ាណា (Havana) ផងដែរ។ ប្រជាពលរដ្ឋរាប់លាននាក់ត្រូវបង្ខំចិត្តរស់នៅ និងធ្វើដំណើរលើដងផ្លូវទាំងប្រថុយប្រថាន ដោយសារតែគ្មានពន្លឺភ្លើងប្រើប្រាស់អស់រយៈពេលជាច្រើនម៉ោង ។
វិបត្តិថាមពលដ៏រ៉ាំរ៉ៃនេះ បានក្លាយជាការបំផ្លាញជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយ៉ាងខ្លាំង ដោយវាបានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអប់រំរបស់កុមារ និងការរក្សាទុកដាក់ស្បៀងអាហារ។ ប្រជាពលរដ្ឋជាច្រើន ត្អូញត្អែរថា អាហារស្រស់ៗ និងទឹកដោះគោត្រូវជូរផ្អូមខូចខាតអស់ភ្លាមៗ ដោយសារតែទូទឹកកកមិនដំណើរការ ដែលបង្ខំឱ្យពួកគេត្រូវចំណាយលុយទិញម្ហូបអាហារថ្មីៗរាល់ថ្ងៃ ។
ផ្អែកលើទិន្នន័យបច្ចេកទេស ឱនភាពថាមពលរបស់ប្រទេសគុយបា បានហក់ឡើងដល់ចំណុចកំពូលជាង ២,០០០ មេហ្គាវ៉ាត់ ដែលបង្ខំឱ្យរដ្ឋាភិបាលត្រូវប្រកាសបិទភ្លើងជាបន្ទាន់តាមតំបន់ផ្សេងៗ។ អ្វីដែលគួរឱ្យបារម្ភនោះគឺ ក្រុមហ៊ុនអគ្គិសនីជាតិបានព្យាករណ៍ថា ស្ថានភាពកង្វះខាតភ្លើងនេះ នឹងកាន់តែដុនដាបខ្លាំងឡើងថែមទៀតនៅក្នុងថ្ងៃបន្ទាប់ បើទោះជាកិច្ចការជួសជុលតភ្ជាប់ឡើងវិញ ហាក់មានល្បឿនលឿនជាងមុនបន្តិចក៏ដោយ ។
ឫសគល់ដែលរុញច្រានឱ្យគុយបាជួបគ្រោះងងឹតមិនចេះចប់មិនចេះហើយនេះ ក៏ដោយសារតែប្រព័ន្ធម៉ាស៊ីននៃរោងចក្រផលិតអគ្គិសនីមានសភាពចាស់ទ្រុឌទ្រោម និងខ្វះខាតថវិកាសម្រាប់ជួសជុលថែទាំ។ ជាងនេះទៅទៀត ទណ្ឌកម្មសេដ្ឋកិច្ច និងការហ៊ុមព័ទ្ធដ៏តឹងរ៉ឹងពីសំណាក់សហរដ្ឋអាម៉េរិក បានក្លាយជាឧបសគ្គដ៏ធំដែលរារាំងគុយបាមិនឱ្យអាចនាំចូលប្រេងឥន្ធនៈមកដុតបញ្ឆេះម៉ាស៊ីនផលិតភ្លើងបានតាមតម្រូវការ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.