សង្គម

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុន អញ្ជើញប្រគល់-ទទួលសមិទ្ធផល នៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការ ដោយសារមីនដំណាក់កាលទី២ និងការបើកគម្រោងដំណាក់កាលទី៣ ក្រោមហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន

image


បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសមិទ្ធផល នៃគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការ ដោយសារមីនដំណាក់កាលទី២ និងការបើកគម្រោងដំណាក់កាលទី៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់ “មរតកតេជោ” នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល ជប៉ុនចំពោះជំនួយដ៏ថ្លៃថ្លានេះ សម្រាប់គាំទ្រ គម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ ដែលមានថវិកាចំនួន ២,០០០លានយ៉េន ប្រមាណជាង១៧លានដុល្លារ អាម៉េរិក នៅខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន និងគម្រោងថ្មីដំណាក់កាលទី៣ ដែលមានថវិកាចំនួន ១,៧០០ លានយ៉េន ប្រមាណជាង ១១ លានដុល្លារអាម៉េរិក នៅខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង៕