សង្គម

ក្រុមហ៊ុន R M A Automotive ពង្រីកការវិនិយោគនៅកម្ពុជា ដោយផ្តោតលើរោងចក្រគ្រឿងបង្គុំរថយន្ត និងកែច្នៃចំណីអាហារ

image


ភ្នំពេញ៖ ក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd កំពុងពង្រីកផែនការវិនិយោគនៅកម្ពុជា ដោយគ្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងគម្រោងរោងចក្រកែច្នៃចំណីអាហារ បន្ថែមលើគម្រោងរោងចក្រដំឡើងរថយន្តដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន។
ការបញ្ជាក់នេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រតិភូក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd ដឹកនាំដោយលោក ងន សាំង នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងជំនួបនេះ លោក ងន សាំង បានជម្រាបជូនពីវឌ្ឍនភាពនៃគម្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន ព្រមទាំងបានចែករំលែកអំពីស្ថានភាពទីផ្សាររថយន្តនៅកម្ពុជានាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបង្ហាញផែនការវិនិយោគថ្មី ដោយផ្តោតលើការបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្ត ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីក្រៅប្រទេស។
ក្រៅពីវិស័យយានយន្ត ក្រុមហ៊ុនក៏មានគម្រោងវិនិយោគក្នុងវិស័យកែច្នៃចំណីអាហារ ដែលត្រូវបានចាត់ទុកថា ជាវិស័យមានសក្តានុពលសម្រាប់បង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មក្នុងស្រុក និងពង្រីកទីផ្សារនាំចេញរបស់កម្ពុជា។

លោកអគ្គលេខាធិការ ជា វុទ្ធី បានស្វាគមន៍ និងបានអបអរសាទរចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននាពេលកន្លងមក រួមជាមួយនឹងការគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងទាំងនោះនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេស ការចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd បានបង្កើតរោងចក្រដំឡើងរថយន្ត Ford នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុង ខេត្តពោធិ៍សាត់ និងបានដាក់សម្ពោធដំណើរការជាផ្លូវការ កាលពីឆ្នាំ២០២២។ រោងចក្រនេះ ត្រូវបានចាត់ទុកជារោងចក្រដំឡើងរថយន្ត Ford ដំបូងនៅកម្ពុជា ដែលរួមចំណែកជំរុញវិស័យឧស្សាហកម្មយានយន្ត និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុក៕