ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន H&M កាត់បន្ថយបុគ្គលិកនៅសិង្ហបុរី និងផ្លាស់ទីស្នាក់ការកណ្តាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ ទៅម៉ាឡេស៊ី

image


 
សិង្ហបុរី៖ ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ល្បីឈ្មោះរបស់ស៊ុយអែត យីហោ H&M បានប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួននៅក្នុងប្រទេសសិង្ហបុរី។ វិធានការនេះ ធ្វើឡើងចំពេលដែលក្រុមហ៊ុន សម្រេចចិត្តផ្លាស់ប្តូរទីស្នាក់ការកណ្តាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ ពីប្រទេសសិង្ហបុរីទៅកាន់ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
 
យោងតាមគម្រោងរៀបចំរចនាសម្ព័ន្ធថ្មីនេះ មុខតំណែងការងារចំនួន ៧៨ ក្នុងចំណោមបុគ្គលិកសរុបប្រចាំតំបន់ ២៥៦ នាក់ នឹងត្រូវលុបចោលទាំងស្រុង។ នៅក្នុងនោះ ក្រុមការងារនៅក្នុងការិយាល័យប្រទេសសិង្ហបុរី គឺជាអ្នកដែលរងគ្រោះ និងរងផលប៉ះពាល់ខ្លាំងជាងគេជុំវិញការបញ្ឈប់ការងារនេះ ។
 
ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុន H&M សិង្ហបុរី មិនបានបញ្ចេញទិន្នន័យលម្អិត ឬចំនួនបុគ្គលិកពិតប្រាកដដែលត្រូវបាត់បង់ការងារនោះទេ ដោយពួកគេគ្រាន់តែអះអាងថា នឹងជួយជ្រោមជ្រែងដល់បុគ្គលិកទាំងអស់ នៅក្នុងដំណាក់កាលផ្លាស់ប្តូរដ៏លំបាកនេះ ។
 
ក្រុមហ៊ុនបានពន្យល់ពីមូលហេតុនៃការផ្លាស់ប្តូរនេះថា ជាយុទ្ធសាស្ត្រមួយដើម្បីធ្វើឱ្យស្ថាប័នមានភាពបត់បែន មានប្រសិទ្ធភាព និងអាចដើរទាន់តម្រូវការរបស់អតិថិជននៅលើទីផ្សារ ដោយការវាយតម្លៃ និងកែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុង គឺជាកិច្ចការដែលត្រូវធ្វើជាប្រចាំ ។
 
ទោះបីជាមានការដកទីស្នាក់ការកណ្តាលចេញក៏ដោយ ក៏ H&M បញ្ជាក់ថា ប្រទេសសិង្ហបុរីនៅតែជាទីផ្សារសេដ្ឋកិច្ចដ៏សំខាន់របស់ខ្លួន ដោយក្រុមហ៊ុននឹងរក្សាការិយាល័យមួយ និងបន្តដំណើរការហាងលក់រាយចំនួន ៦ កន្លែងទៀត ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរកស៊ីរយៈពេលវែង ។
 
ប្រវត្តិដកថយរបស់ H&M នៅសិង្ហបុរីបានកើតមានឡើងជាបន្តបន្ទាប់ ដោយសារតែកាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុនបានសម្រេចចិត្តបិទហាងធំៗជាច្រើនកន្លែងរួចមកហើយ ដូចជានៅតំបន់ អាយអន អូឆាត (Ion Orchard), ថេមភីនីស ម៉ល (Tampines Mall) និងវ៉ធើវ៉េ ភ័ញត៍ (Waterway Point) បន្ទាប់ពីបើកដំណើរការតាំងពីឆ្នាំ២០១១ ។
 
ទន្ទឹមនឹងនោះ សហជីពកម្មករ និងសហព័ន្ធសហជីពជាតិរបស់សិង្ហបុរី បានចេញមុខប្រកាសត្រៀមខ្លួនជាស្រេចក្នុងការជួយជ្រោមជ្រែងដល់បុគ្គលិកដែលរងផលប៉ះពាល់ តាមរយៈការជួយស្វែងរកឱកាសការងារថ្មីៗ និងផ្ដល់ជំនួយហិរញ្ញវត្ថុបន្ទាន់ ប្រសិនបើមានការស្នើសុំ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Malay Mail & The Straits Times via VN Express International | រូបភាព៖ ST FILE/ Human Resources/ (AsiaOne/Rauf Khan)