សង្គម

ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បាននាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋខ្វះខាត ២២០គ្រួសារ នៅស្រុកស្វាយអន្ទរ

image


ព្រៃវែង៖ លោក សូ សុភ័ក្ត្រ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារមនុស្សធម៌សម្តេចតេជោ និងសម្តេចធិបតី បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតចំនួន ២២០គ្រួសារ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ លោក សូ សុភ័ក្ត្រ បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ ដោះស្រាយរាល់សុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយអាជ្ញាធរមិនបានដឹងនោះឡើយ។
លោក បន្តថា ការចុះជួប និងនាំយកអំណោយមកចែកជូននាពេលនេះ គឺស្តែងចេញពីទឹកចិត្តជ្រះថ្លា និងការគិតគូរខ្ពស់របស់ សម្តេចតេជោ និងសម្តេចធិបតី តាមរយៈក្រុមការងារមនុស្សធម៌ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។

បើតាមលោក ហៃ សំណាង អភិបាលស្រុកស្វាយអន្ទរ លើកឡើងថា គិតត្រឹមឆ្នាំ២០២៦ ស្រុកស្វាយអន្ទរ បានទទួលផ្ទះចំនួន ១០ខ្នង បន្គន់អនាម័យចំនួន ២០កន្លែង កន្លែងលាងដៃចំនួន ១កន្លែង សាលាមតិសិក្សា១ខ្នង ស្មើ៤បន្ទប់។ ហើយរដ្ឋបាលស្រុក បានចុះសួរសុខទុក្ខជាមួយពលករចំណាកស្រុក ក្រុមគ្រួសារកងទ័ពជួរមុខ និងជនភៀសសឹក សរុបចំនួន ១០លើក ស្មើ ៩៥០គ្រួសារ។ ជាមួយគ្នានេះដែរ អង្គការមូលនិធិនៃក្តីសង្ឃឹម បានជួយសាងសង់បង្គន់អនាម័យ សរុបចំនួន ៦៥បង្គន់ អណ្តូងទឹកសរុបចំនួន ៣១អណ្តូង សាងសង់ផ្ទះបានសរុបចំនួន ៧៥ខ្នង សាងសង់ប្រព័ន្ធចម្លោះទឹកស្អាតUV សរុបចំនួន២២កន្លែង និងបានជួយឧបត្ថម្ភអាហារូបរណ៍សិស្សក្រីក្រសរុបចំនួន១៥៥នាក់ (៦ដងក្នុងមួយឆ្នាំ) ពិសេសបានចូលរួមឧបត្ថម្ភជួយគ្រួសារក្រីក្រ សរុបចំនួន ៨៧០គ្រួសារ៕
អត្ថបទ៖ តែ ផានិត