កងទ័ពអ៊ីស្រាអ៊ែល បន្តប្រតិបត្តិការយោធានៅភាគខាងត្បូងលីបង់ ទោះអាម៉េរិក សម្របសម្រួលឱ្យមានបទឈប់បាញ់ ៤៥ ថ្ងៃបន្ថែមទៀតក៏ដោយ
លីបង់៖ ស្ថានការណ៍នៅភាគខាងត្បូងប្រទេសលីបង់ នៅតែបន្តឆាបឆេះយ៉ាងក្ដៅគគុក ទោះបីជាមានការប្រកាសពន្យារពេលបទឈប់បាញ់ជាបន្តបន្ទាប់ក៏ដោយ។ កងទ័ពអ៊ីស្រាអ៊ែល បានបើកការវាយប្រហារតាមអាកាសយ៉ាងបើកចំហ និងទម្លាក់គ្រាប់បែកលើតំបន់លំនៅឋានក្នុងស្រុកណាបាទីយ៉េហ៍ (Nabatieh) និងទីប្រជុំជនជិតគ្នានោះ ដោយអះអាងថាជាការកម្ទេចជម្រក និងទីតាំងយុទ្ធសាស្ត្រជាង ១០០ កន្លែងរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡាហ៍ ។
ស្ថានភាពសង្គ្រាមនេះ ហាក់បីដូចជាផ្ទុយពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់សហរដ្ឋអាម៉េរិក ដែលទើបតែបានសម្របសម្រួលឱ្យមានការពន្យារពេលបទឈប់បាញ់រយៈពេល ៤៥ ថ្ងៃបន្ថែមទៀតកាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅ ដោយការចរចាត្រីភាគីរវាងទីក្រុងវ៉ាស៊ីនតោន បែរជាមិនអាចឃាត់ឃាំងកម្លាំងយោធារបស់ទីក្រុងតែលអាវីវ ក្នុងការបន្តប្រតិបត្តិការវាយលុកលើទឹកដីលីបង់បានឡើយ ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កងទ័ពអ៊ីស្រាអ៊ែលបានបង្កើត «ខ្សែបន្ទាត់ពណ៌លឿង» ដើម្បីខណ្ឌចែក និងហ៊ុមព័ទ្ធតំបន់ដែលខ្លួនវាយដណ្តើមបាន ដែលយុទ្ធសាស្ត្រនេះគឺដូចគ្នាទៅនឹងអ្វីដែលពួកគេធ្លាប់អនុវត្តដោយជោគជ័យនៅតំបន់ហ្គាហ្សាដែរ។ វិធានការការបិទខ្ទប់នេះ បានធ្វើឱ្យប្រជាពលរដ្ឋស៊ីវិលមកពីទីប្រជុំជនប្រហែល ៨០ កន្លែង មិនអាចវិលត្រឡប់ទៅរស់នៅផ្ទះសម្បែងដើមវិញបានឡើយ ចំពេលកងទ័ពអ៊ីស្រាអ៊ែលនៅតែបន្តបោះជំហានយោធាយ៉ាងរឹងមាំ ។
គោលដៅចុងក្រោយរបស់អ៊ីស្រាអ៊ែល គឺជាការច្របាច់បញ្ចូលទឹកដីលីបង់ប្រហែល ១០% ចាប់ពីព្រំដែនរហូតដល់ទន្លេលីតានី ដើម្បីបង្កើតជា «តំបន់សន្តិសុខ» ផ្ទាល់ខ្លួន។ ការប៉ុនប៉ងបង្កើតតំបន់ទ្រនាប់យោធានេះ រួមផ្សំនឹងការបដិសេធមិនឱ្យជនភៀសខ្លួនត្រឡប់ទៅស្រុកកំណើត អាចនឹងធ្វើឱ្យវិបត្តិមនុស្សធម៌ និងជម្លោះវាយប្រហារគ្នានេះអូសបន្លាយឥតឈប់ឈរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.