ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិធីបើកមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79)

image

(ហ្សឺណែវ)៖ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងសុខាភិបាល អមដំណើរដោយ លោកឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា (Reshaping Global Health: A Shared Responsibility)» ។ 

ពិធីបើកនេះធ្វើឡើងក្រោមអធិបតីភាពរបស់ លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលទូទាំងពិភពលោកនៃបណ្តារដ្ឋសមាជិកចំនួន១៩៤។ 

សូមគូសបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកសាស្រ្តាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លុះបញ្ចាំងពីកិត្យានុភាពរបស់កម្ពុជា ជាមួយនឹងតួនាទីរបស់ខ្លួនយ៉ាងសកម្ម និងយ៉ាងសំខាន់ ហើយដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសគំរូមួយលើវិស័យសុខភាពសកល (Global health level) ក៏ដូចជាការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីសម្រេចរបស់អង្គការសុខភាពពិភពលោក ប្រកបដោយភាពជោគជ័យដោយផ្តើមពីថ្នាក់ជាតិ និងសំដៅជាគំរូតំបន់ និងអន្តរជាតិ៕

អត្ថបទ៖ សន ពិសិដ្ឋ