មនុស្ស ២នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៥.២ រ៉ិចទ័រ វាយប្រហារក្រុងលីវចូវ ភាគនិរតីប្រទេសចិន
ចិន៖ គ្រោះរញ្ជួយដីកម្រិត ៥.២ រ៉ិចទ័រ អង្រួនទីក្រុងលីវចូវ (Liuzhou) តំបន់ក្វាងស៊ី ភាគនិរតីប្រទេសចិន កាលពីព្រលឹមថ្ងៃចន្ទ ដោយបណ្ដាលឱ្យអគារស្នាក់នៅចំនួន ១៣ អគារបាក់រលំទាំងស្រុង និងបង្ខំឱ្យប្រជាពលរដ្ឋក្នុងស្រុកជាង ៧,០០០ នាក់ ត្រូវភៀសខ្លួនចេញពីលំនៅឋានទាំងប្រថុយប្រថាន ។
គ្រោះថ្នាក់នេះ បណ្តាលឱ្យមនុស្ស ២ នាក់បាត់បង់ជីវិត ដែលត្រូវអាជ្ញាធរកំណត់អត្តសញ្ញាណថាជាប្ដីប្រពន្ធវ័យចំណាស់មួយគូ ចំណែកឯមនុស្ស ៤ នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ ជាមួយគ្នានោះ អាជ្ញាធរក៏បានរកឃើញបុរសវ័យ ៩១ ឆ្នាំម្នាក់ដែលបានបាត់ខ្លួនពីមុនមកវិញផងដែរ ។
ភ្លាមៗក្រោយហេតុការណ៍នេះ ក្រុមសង្គ្រោះបន្ទាន់ជាង ៣០០ នាក់ និងរថយន្តសង្គ្រោះជាង ៥០ គ្រឿង បានដាក់ពង្រាយទៅកាន់ទីតាំងកើតហេតុ។ កងកម្លាំងសង្គ្រោះ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីកាយកម្ទេចថ្ម និងប្រើប្រាស់សុនខស្រង់ក្លិនជំនាញ ដើម្បីស្វែងរកជនរងគ្រោះដែលជាប់នៅក្រោមគំនរអគារ ។
ផលប៉ះពាល់នៃគ្រោះរញ្ជួយដីនេះ បានធ្វើឱ្យប៉ះពាល់ និងរអាក់រអួលដល់ប្រព័ន្ធដឹកជញ្ជូន ជាពិសេសផ្លូវដែក ដោយសារតែអាជ្ញាធរត្រូវផ្អាក ដើម្បីពិនិត្យសុវត្ថិភាពបច្ចេកទេសបណ្ដាញខ្សែផ្លូវរត់។ ទោះជាយ៉ាងណាក្ដី ផ្នែកសេវាសាធារណៈសំខាន់ៗផ្សេងទៀត ដូចជាបណ្ដាញអគ្គិសនី ទឹកស្អាត ប្រព័ន្ធទូរគមនាគមន៍ និងការធ្វើចរាចរណ៍ទូទៅ គឺមិនមានការខូចខាតធ្ងន់ធ្ងរ និងនៅតែដំណើរការជាធម្មតា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.