គ្រោះរញ្ជួយដីកម្រិត ៥.៣ រ៉ិចទ័រ នៅមីយ៉ាន់ម៉ា សាយភាយរំញ័រដល់អគារខ្ពស់ៗនៅបាងកក និងតំបន់មួយចំនួនក្នុងប្រទេសថៃ
មីយ៉ាន់ម៉ា-ថៃឡង់ដ៍៖ គ្រោះរញ្ជួយដីកម្រិត ៥.៣ រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរខាងត្បូងប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃចន្ទ។ ទោះបីជាចំណុចកណ្តាលនៃគ្រោះធម្មជាតិនេះ ស្ថិតនៅចម្ងាយប្រហែល ២៤៧ គីឡូម៉ែត្រពីព្រំដែនថៃក៏ដោយ ក៏វាបានសាយភាយឥទ្ធិពលនៃរលករំញ័ររហូតដល់បណ្ដាខេត្តមួយចំនួន និងរាជធានីបាងកកនៃប្រទេសថៃផងដែរ ។
គេទទួលអារម្មណ៍ថាមានរលករំញ័រនេះ នៅតាមបណ្ដាអគារការិយាល័យខ្ពស់ៗ មន្ទីរពេទ្យ និងខុនដូនៅក្នុងទីក្រុងបាងកក ចាប់ពីជាន់ទី១០ រហូតដល់ជាន់ទី២៤។ ពលរដ្ឋជាច្រើន បានផ្ញើរបាយការណ៍ទៅអាជ្ញាធរថា ពួកគេមានអារម្មណ៍វិលមុខ ឃើញរបស់របរនិងចង្កៀងយោលទៅយោលមក ព្រមទាំងឃើញទឹកក្នុងដបមានរលកថែមទៀតផង ដោយបង្កជាការភ័យខ្លាចភ្លាមមួយរំពេច ។
ទោះជាយ៉ាងណាក៏ដោយ តាមរបាយការណ៍បញ្ជាក់ថា គ្រោះរញ្ជួយដីដែលមានជម្រៅ ១០ គីឡូម៉ែត្រមួយនេះ មិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស ឬបង្កការខូចខាតធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធអគារនៅក្នុងប្រទេសថៃនោះឡើយ ខណៈអាជ្ញាធរនិងស្ថាប័នជំនាញផ្នែកឧតុនិយមកំពុងបន្តតាមដាន និងប្រមូលទិន្នន័យបន្ថែម ដើម្បីវាយតម្លៃពីស្ថានភាពដីឱ្យបានច្បាស់លាស់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Straits Times | រូបភាព៖ SCREENGRAB FROM USGS via ST/ Khaosod English