ព័ត៌មានអន្តរជាតិ

មនុស្ស ៥ នាក់ស្លាប់ រួមមានទាំងជនសង្ស័យ ២ នាក់ ក្រោយករណីបាញ់ប្រហារនៅវិហារឥស្លាមមួយកន្លែង ក្នុងទីក្រុងសានឌីអាហ្គោ

image

សហរដ្ឋអាម៉េរិក៖ ហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយ បានផ្ទុះឡើងនៅឯមជ្ឈមណ្ឌលឥស្លាមមួយកន្លែង ស្ថិតក្នុងតំបន់ខ្លែម៉ុន (Clairemont) ទីក្រុងសានឌីអាហ្គោ (San Diego) សហរដ្ឋអាម៉េរិក កាលពីថ្ងៃអង្គារ ដោយបានបណ្តាលឱ្យមនុស្សសរុប ៥ នាក់បាត់បង់ជីវិត។ ក្នុងចំណោមអ្នកស្លាប់ មានជនរងគ្រោះជាជនស៊ីវិលស្លូតត្រង់ចំនួន ៣ នាក់ និងជនសង្ស័យជាខ្មាន់កាំភ្លើងចំនួន ២ នាក់ផងដែរ ។

 

យោងតាមការបញ្ជាក់ពីស្នងការនគរបាលក្នុងតំបន់ ក្នុងចំណោមជនរងគ្រោះទាំង ៣ នាក់ដែលស្លាប់នៅនឹងកន្លែង មានម្នាក់ជាបុគ្គលិកសន្តិសុខការពារប្រចាំមជ្ឈមណ្ឌលនោះ។ ដោយឡែក ជនសង្ស័យដែលជាយុវជនវ័យក្មេងអាយុខ្ទង់ ១៧ ឆ្នាំ និង ១៩ ឆ្នាំ ត្រូវកម្លាំងសមត្ថកិច្ចរកឃើញថាស្លាប់នៅក្នុងឡានមួយគ្រឿងនៅក្បែរនោះ ក្រោយពីពួកគេបានបាញ់សម្លាប់ខ្លួនឯង ដើម្បីគេចចេញពីការចាប់ខ្លួនរបស់មន្ត្រី ។

 

ភ្លាមៗបន្ទាប់ពីកើតហេតុ កងកម្លាំងនគរបាល បានដាក់ពង្រាយយ៉ាងណែនណាន់តាប់ជុំវិញបរិវេណវិហារឥស្លាម និងសាលារៀនដែលស្ថិតនៅក្នុងនោះ ដើម្បីគ្រប់គ្រងស្ថានការណ៍អាសន្ន។ នាពេលនេះ អាជ្ញាធរអាម៉េរិក បានកំណត់សំណុំរឿងនេះជាបឋមថា ជាបទឧក្រិដ្ឋកម្មរើសអើងសាសនា និងកំពុងបើកការស៊ើបអង្កេតយ៉ាងដិតដល់ ដើម្បីស្វែងរកប្រភពដើមអាវុធ និងមូលហេតុពិតប្រាកដ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ REUTERS/Mike Blake/ ABC Affiliate KGTV via REUTERS