សម្តេចតេជោ ហ៊ុន សែន ពេញចិត្ដចំពោះវឌ្ឍភាពនៃទំនាក់ទំនងកម្ពុជា-តួកគីយ៉េ រួមទាំងវិស័យអាកាសចរណ៍ និងអប់រំ ខណ:ប្រទេសទាំងពីរនៅមានសក្តានុពលច្រើនទៀត ត្រូវពង្រឹងជាមួយគ្នា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងតួកគីយ៉េ ទាំងនៅក្នុងក្របខ័ណ្ឌនៃស្ថាប័ននីតិប្រតិបត្តិក្របខ័ណ្ឌនីតិបញ្ញត្តិ ដែលប្រទេសទាំងពីរបានធ្វើមកជាមួយគ្នា ហើយនាពេលកន្លងមកប្រទេសទាំងពីរមានជើងហោះហើរជាមួយគ្នា និងក៏មានស្ថានទូតនៅក្នុងប្រទេសនីមួយៗទៀតផង។
មានប្រសាសន៍បែបនេះនាឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក មេសុត អើសចាន់ (Mesut Özcan) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីយ៉េប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នាព្រឹកថ្ងៃទី១៩ ឧសភាឆ្នាំ២០២៦ នាវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានីភ្នំពេញ។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រដោយអបអរសាទចំពោះឯកអគ្គរដ្ឋទូត របស់តួកគីយ៉េថ្មីដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់ លោក មកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺបញ្ជាក់អំពីការផ្ដល់តម្លៃចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី។ សម្ដេចសង្ឃឹមថា វត្តមានរបស់លោកក្នុងបេសកកម្មជា ឯកអគ្គរដ្ឋទូតនឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងតួកគីឱ្យកាន់តែរីកចម្រើនបន្តទៀត។
ឯកអគ្គរដ្ឋទូតតួកគីយ៉េ បានលើកឡើងថា ជាកិត្តិយសណាស់ដែលឯកឧត្តម បានមានឱកាសជួបនិងជូនសារតាំងចំពោះ សម្ដេចតេជោ ដែលជាប្រមុខរដ្ឋស្តីទី នៅពេលនេះ ហើយក្នុងតួនាទីរបស់ ជាឯកអគ្គរដ្ឋទូតថ្មីលោកនឹងខិតខំប្រឹងប្រែងនៅក្នុងការធ្វើយ៉ាងណាពង្រឹងនូវទំនាក់ទំនងឱ្យកាន់តែល្អរវាងកម្ពុជា និងតួកគីយ៉េ ហើយលោកបានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពូនជ្រុំបន្ថែមនៅទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ។
ជាកាឆ្លើយតប សម្ដេចតេជោ បានអរគុណនិងពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់ ឯកអគ្គរដ្ឋទូតថ្មី ក្នុងការលើកកម្ពស់ ទំនាក់ទំនងរវាងកម្ពុជា និងតួកគីយ៉េ។ សម្ដេចតេជោ បានពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុងក្របខ័ណ្ឌនៃស្ថាប័ននីតិប្រតិបត្តិក្របខ័ណ្ឌនីតិបញ្ញត្តិ ដែលប្រទេសទាំងពីរបានធ្វើមកជាមួយគ្នា ហើយនាពេលកន្លងមកប្រទេសទាំងពីរមានជើងហោះហើរជាមួយគ្នា និងក៏មានស្ថានទូតនៅក្នុងប្រទេសនីមួយៗទៀតផង ដែលទាំងនេះ បង្ហាញយ៉ាងច្បាស់អំពីការផ្ដល់តម្លៃនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគីយ៉េ។ សម្ដេចតេជោ ក៏បានអរគុណចំពោះតួកគីដែលកន្លងមកបានចូលរួមចំណែកក្នុងការជួយដល់ កម្ពុជាជាពិសេសគឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ហើយភាគីទាំងពីរនៅមានសក្កានុពលជាច្រើនទៀតដែលត្រូវពង្រឹងបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង, ប៉ក់ សុឃីម