ព័ត៌មានជាតិ

នៅចំពោះមុខ សម្ដេចតេជោ ឯកអគ្គរដ្ឋទូតស្រី្តដំបូងគេរបស់ក្រិកប្រចាំកម្ពុជា កោតសរសើរពីភាពស្រស់ស្អាត រីកចម្រើនរបស់កម្ពុជា និងមានអរិយធម៌ស្រដៀងគ្នា ខណ:ប្រទេសទាំងពីរប្ដេជ្ញាជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ចបន្ថែមទៀត

image

ភ្នំពេញ៖ នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន លោកស្រីឯកអគ្គរដ្ឋទូតក្រិកប្រចាំកម្ពុជាបានលើកឡើងថាពីមុនមកក្រិកមិនដែលតែងតាំងឯកអគ្គរដ្ឋទូតជាស្រី្តប្រចាំនៅកម្ពុជាទេ ដូច្នេះលោកស្រីរីករាយនឹងបានធ្វើជាឯកអគ្គរដ្ឋទូតនៅក្នុងប្រទេសដ៏ស្រស់ស្អាតមួយនេះ និងប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងក្រិកឱ្យកាន់តែរីកចម្រើនបន្តទៀត។

ការលើកឡើងបែបនេះឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Magadalini Nicolaou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នៅព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។

យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួប សម្ដេចតេជោសម្ដែងនូវក្តីរីករាយ ហើយក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ សម្ដេចសូមអបអរសាទរចំពោះលោកស្រី នីកូឡាអូ ដែលបានតែងតាំងជាឯកអគ្គរដ្ឋទទួលថ្មីរបស់ក្រិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោសង្ឃឹមថាតួនាទីរបស់លោកស្រីជាឯកអគ្គរដ្ឋទូតនឹងជំរុញទំនាក់ទំនងរវាងកម្ពុជា និងក្រិកកាន់តែរីកចម្រើនបន្តទៀត។

លោកស្រី បានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងក្រិកឱ្យកាន់តែរីកចម្រើនបន្តទៀត។ លោកស្រី បានលើកឡើងថា កម្ពុជានិងក្រិកមានប្រវត្តិសាស្ត្រ និងប្រវត្តិនៃការកើតឡើងប្រហាក់ប្រហែលគ្នាដែលជាប្រទេសមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នាហើយមានវប្បធម៌ មានអរិយធម៌ដ៏អស្ចារ្យដូចគ្នា ដែលជាចំណុចមួយដែលលោកស្រីចាប់អារម្មណ៍ និងពង្រីកបន្ថែមទៀតនៅក្នុងពេលដែលលោកស្រីបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោបានសម្ដែងនូវការពេញចិត្ត ហើយក៏ឯកភាពចំពោះការលើកឡើងរបស់លោកស្រី ពិសេសទាក់ទងទៅនឹងប្រទេសទាំងពីរដែលមានប្រវត្តិសាស្ត្រយូរអង្វែងដូចគ្នា។ សម្ដេចតេជោក៏ទទួលស្គាល់ថាថ្វីត្បិត

ប្រទេសទាំងពីរមានប្រវត្តិសាស្ត្រយូរអង្វែង មានអរិយធម៌វប្បធម៌សម្បូរបែបដូចគ្នាក៏ពិតមិន ប៉ុន្តែក្រិកគេអាចចាត់ទុកថាជាប្រទេសមួយដែលចំណាស់ជាងកម្ពុជា និងសម្បូរបែបនូវវប្បធម៌ ហើយជាប្រទេសដែលជាធ្លាប់មានអ្នកប្រាជ្ញច្រើន។តាមរយៈកិច្ចការរវាងកម្ពុជា និងក្រិក សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់លោកស្រី នឹងជំរុញបន្ថែមទៀតនូវពាណិជ្ជកម្ម សេដ្ឋកិច្ច ក៏ដូចជា សក្កានុពលផ្សេងៗទៀតដែលប្រទេសទាំងពីរត្រូវពង្រឹងជាមួយគ្នា និងធ្វើយ៉ាងណាឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំជាពិសេស សម្ដេចតេជោសង្កត់ធ្ងន់ទៅលើការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ៕

អត្ថបទ៖ ឈឹម ធីតា

រូបភាព៖ ង៉ាន់ សំណាង, ប៉ក់ សុឃីម