ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់ភៀសខ្លួន ក្រោយភ្លើងព្រៃរាលដាលយ៉ាងខ្លាំងនៅ Los Angeles

image


 
សហរដ្ឋអាម៉េរិក៖ គ្រោះអគ្គិភ័យឆេះព្រៃយ៉ាងសន្ធោសន្ធៅមួយ ដែលអាជ្ញាធរដាក់ឈ្មោះថា Sandy Fire បានផ្ទុះឡើងនៅឯជាយទីក្រុងឡូសអ៊ែនជេឡេស (Los Angeles) សហរដ្ឋអាម៉េរិក ដោយបានបំផ្លិចបំផ្លាញផ្ទៃដីអស់ប្រមាណជា ៥៥២ ហិកតា យ៉ាងគំហុកក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។ មូលហេតុចម្បងដែលធ្វើឱ្យភ្លើងនេះរាលដាលខ្លាំង គឺដោយសារតែកម្លាំងខ្យល់បក់បោកខ្លាំងរហូតដល់ល្បឿន ៥៦ គីឡូម៉ែត្រក្នុងមួយម៉ោង ។
 
គ្រោះធម្មជាតិ និងភ្លើងព្រៃនេះ បានបង្ខំឱ្យអាជ្ញាធរអាម៉េរិក ចេញបញ្ជាឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់ នៅក្នុងទីក្រុង Simi Valley និងទីក្រុង Thousand Oaks ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់។ ទោះបីជាមានផ្ទះមួយខ្នងត្រូវភ្លើងឆេះបំផ្លាញក៏ដោយ ប៉ុន្តែជាសំណាងល្អ គិតត្រឹមពេលនេះ គឺមិនទាន់មានរបាយការណ៍ណាមួយស្ដីពីការបាត់បង់ជីវិត ឬមានមនុស្សរងរបួសដោយសារតែគ្រោះអគ្គិភ័យនេះឡើយ ។
 
ទោះបីជាកម្លាំងខ្យល់ បានថយចុះបន្តិចនៅពេលយប់ ហើយអភិបាលក្រុងឡូសអ៊ែនជេឡេស អះអាងថា ភ្លើងមិនទាន់គំរាមកំហែងដល់តំបន់កណ្តាលក្រុងក៏ដោយ ក៏ក្រុមពន្លត់អគ្គិភ័យនៅតែជួបឧបសគ្គខ្លាំងក្នុងការគ្រប់គ្រងអណ្តាតភ្លើង។ បញ្ហានេះ បណ្ដាលមកពីកត្តាអាកាសធាតុក្ដៅខ្លាំង សំណើមដីទាប និងស្ថានភាពភូមិសាស្ត្រស្មុគស្មាញ ដែលធ្វើឱ្យភ្លើងងាយនឹងឆាបឆេះឡើងវិញ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP via CNA | រូបភាព៖ (Justin Sullivan/GETTY IMAGES NORTH AMERICA/Getty Images via AFP)