សង្គម

សម្តេចតេជោ ហ៊ុន សែន លើកឡើងពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-បេណាំង ខណ:សម្ដេចបានអញ្ជើញប្រធានាធិបតីបេណាំង មកកម្ពុជាពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅខែវិច្ឆិកាខាងមុខ

image


ភ្នំពេញ៖ សម្ដេចតេជោបានបញ្ជាក់អំពីអនុស្សាវរីយ៍ និងចំណងមិត្តភាពមួយដ៏រឹងមាំ រវាងទំនាក់ទំនងរវាងកម្ពុជា និងបេណាំង ហើយសម្ដេចតេជោក៏ឈ្លៀតអញ្ជើញប្រធានាធិបតីរបស់បេណាំងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី នៅខែវិច្ឆិកាខាងមុខ។
មានប្រសាសន៍បែបនេះឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីសាធារណរដ្ឋបេណាំងងប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។

យោងតាមលោកជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ ហើយក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសូមអបអរសាទរចំពោះ លោក ADJAGBA ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់បេណាំងងប្រចាំនៅកម្ពុជា។ សម្ដេចសង្ឃឹមថាបេសកកម្មរបស់លោកក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជានេះ នឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងបេណាំងឱ្យកាន់តែរីកចម្រើនបន្តទៀត។

នៅក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោកបានជួបហើយប្រគល់សារតាំងនាពេលនេះ។ សម្ដេចតេជោបានបញ្ជាក់អំពីអនុស្សាវរីយ៍ និងចំណងមិត្តភាពមួយដ៏រឹងមាំបន្ថែមទៀតសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបេណាំង។ សម្ដេចតេជោបានរំលឹកថា សម្តេចបានទៅទស្សនកិច្ចនៅប្រទេសមួយនេះក្នុងពេលដែលសម្ដេចនៅជារដ្ឋមន្ត្រីការបរទេស គឺអំឡុងឆ្នាំ១៩៨៣ ដែលពេលនោះកម្ពុជាត្រូវបានរឹតត្បិតនៃការដាក់ទណ្ឌកម្មពីបរទេស តែបេណាំងនៅតែទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្ដេចនាពេលនោះ។

សម្ដេចតេជោក៏ឈ្លៀតឱកាសនេះអញ្ជើញប្រធានាធិបតីរបស់បេណាំងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី នៅខែវិច្ឆិកាខាងមុខ។ សម្ដេចសង្ឃឹមថា មេដឹកនាំរបស់បេណាំងនឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយនៅពេលនោះ ជាឱកាសនៃការពង្រីកមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់រឹងមាំបន្ថែមទៀត។ សម្ដេចសង្ឃឹមថានៅក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រទេសនិយាយភាសាបារាំងនៅខែវិច្ឆិកាខាងមុខ មេដឹកនាំរបស់បេណាំង នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា៕

អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង, ប៉ក់ សុឃីម