ព័ត៌មានអន្តរជាតិ

មនុស្ស៣នាក់ស្លាប់ ៤នាក់បាត់ខ្លួន និងជិត៣០០នាក់ជម្លៀសខ្លួន ក្រោយគ្រោះទឹកជំនន់ វាយប្រហារភាគកណ្តាលប្រទេសចិន

image


ចិន៖ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក បានវាយប្រហារស្រុក Xuan'en ខេត្ត Hubei ភាគកណ្តាលប្រទេសចិន ដោយបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់ និង ៤ នាក់ទៀតកំពុងបាត់ខ្លួន។ ទឹកភ្លៀងដែលធ្លាក់ខ្លាំងរហូតដល់ជិត ៣០០ មីលីម៉ែត្រ បានធ្វើឱ្យទឹកទន្លេ Baishui ហក់ឡើងយ៉ាងលឿន បណ្តាលឱ្យលិចលង់ និងបាក់ស្រុតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នង ព្រមទាំងកាត់ផ្តាច់ផ្លូវថ្នល់ និងប្រព័ន្ធទំនាក់ទំនងទាំងស្រុង ។

ភ្លាមៗបន្ទាប់ពីកើតហេតុ អាជ្ញាធរចិន បានបង្កើតក្រុមការងារចម្រុះជាបន្ទាន់ រួមមានកម្លាំងនគរបាលអាវុធហត្ថ ភ្នាក់ងារពន្លត់អគ្គិភ័យ និងផ្នែកសង្គ្រោះបន្ទាន់ ដើម្បីចុះអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋចំនួន ២៨៧ នាក់ទៅកាន់ទីទួលសុវត្ថិភាព។ នាពេលនេះ ក្រុមការងារកំពុងតែដុតដៃដុតជើងធ្វើប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន ផ្តល់ការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ក៏ដូចជាការជួសជុលប្រព័ន្ធភ្លើង បណ្ដាញសេវាទូរសព្ទ និងកាយផ្លូវដែលរងការខូចខាតឡើងវិញ ។

ស្ថានភាពអាកាសធាតុនៅក្នុងប្រទេសចិន នៅតែបន្តស្ថិតក្នុងភាពគួរឱ្យព្រួយបារម្ភ ដោយសារតែទីភ្នាក់ងារឧតុនិយមជាតិ បានចេញការប្រកាសអាសន្ន «កម្រិតពណ៌ក្រហមទុំ» ព្រោះភ្លៀងធ្លាក់ខ្លាំងនឹងបន្តវាយប្រហារតំបន់ភាគកណ្តាល និងភាគខាងកើត។ យោងតាមទិន្នន័យ ស្ថានីយអាកាសធាតុជាង ៦០០ កន្លែងទូទាំងប្រទេស សុទ្ធតែបានកត់ត្រាពីការធ្លាក់ភ្លៀងកម្រិតធ្ងន់ធ្ងរ ដែលអាចនឹងបង្កជាហានិភ័យទឹកជំនន់នៅក្នុងខេត្តសំខាន់ៗជាច្រើនទៀត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Global Times/ China Daily | រូបភាព៖ JINGZHOU CONVERGED MEDIA CENTER/ XINHUA/ VCG