សង្គម

អភិបាលខេត្តរតនគិរី ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាធ្វើយ៉ាងណា ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ

image


រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៩ ក្រោមប្រធានបទ “យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ” ក្រោមវត្តមានលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជា
ប្រធានគណ:កម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចាត់ទុកវេទិកានៃការជួបជុំគ្នានេះ បង្ហាញនូវជំហរឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការគោរព និងការពារសិទ្ធិមនុស្សនៅកម្ពុជា ដោយមិនមានការរើសអើង ស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាព និងផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងកលល្បិចដ៏ពិសពុលរបស់ជនល្មើស គួបផ្សំនឹងការឆបោកតាមបច្ចេកវិទ្យា (Online Scams) ដ៏ទំនើប ដែលអូសទាញមនុស្សឱ្យធ្លាក់ក្នុងភាពរងគ្រោះយ៉ាងធ្ងន់ធ្ងរ។

លោកអភិបាលខេត្ត បានកោតសរសើរដោយស្មោះចំពោះស្មារតីរួមសាមគ្គី សហការគ្នាប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់មន្ទីរ/អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមសហការ ជាមួយលេខាធិការដ្ឋានខេត្ត (គ.ខ.ប.ជ) នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានធ្វើឱ្យសម្រេចនូវលទ្ធផលតាមការរំពឹងទុក។

លោកអភិបាលខេត្តរតនគិរី បានអំពាវឱ្យថ្នាក់ដឹកនាំគ្រប់មន្ទីរ/អង្គភាព កងកម្លាំងគ្រប់កងឯកភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សូមបន្តរៀបចំការផ្សព្វព្វផ្សាយតាមគ្រប់រូបភាពផ្សេងៗ នូវសារដ៏មានសារៈសំខាន់ នៃទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ក្រោមប្រធានបទ “យើងរួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ” ជាការ ដាស់តឿនដល់ពលរដ្ឋ និងយុវជន ក្នុងមូលដ្ឋាន ឱ្យបានយល់ដឹង និងចូលរួមបង្ការ ទប់ស្កាត់ការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ អំពើហិង្សា ការរំលោភបំពានលើស្ត្រី និងកុមារ អំពើជួញដូរមនុស្ស គ្រឿងញៀន គ្រឿងស្រវឹងគ្រប់ប្រភេទ ដែលប្រឈមដល់ការដាក់ទោសទណ្ឌតាមច្បាប់ជាធរមាន។

ជាមួុយគ្នានេះ លោក បានលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមសហការរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេត និងបង្ក្រាបឱ្យបានទាន់ពេល ដើម្បីបង្ការ ទប់ស្កាត់រាល់បទល្មើសនានា ត្រូវចៀសវាង កុំចូលរួម កុំគាំទ្រ កុំប្រព្រឹត្ត និង កុំទទួលផលពីអំពើទុច្ចរិត។ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែក ត្រូវបន្តការខិតខំតាមដាន ព្រមទាំងបង្កើននូវការទទួលខុសត្រូវខ្ពស់ ដោយយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ គ្រប់គ្រងនៅតាមព្រំដែន ជាពិសេសលំហូរឆ្លងកាត់ព្រំដែនគ្រប់ទីតាំងឱ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឱ្យកើតមានអំពើ ជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ។

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវសហការជាមួយមន្ទីរអង្គភាព ដៃគូពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការដោះស្រាយផលប៉ះពាល់នៃការធ្វើទេសន្តរប្រវេសន៍ ជាពិសេស ស្ត្រីនិងកុមារ នៅពេលវិលត្រឡប់មកកាន់មាតុប្រទេសវិញ ក្នុងអំឡុងពេលមានវិបត្តិជម្លោះព្រំដែន និងមានវិធានការណ៍ ក៏ដូចជាអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍របស់ក្រសួង។ មន្ទីរអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយមន្ទីរ អង្គភាព ដៃគូពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអប់រំ ផ្សព្វផ្សាយដល់ យុវជន តាមបណ្តាគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ព្រមទាំង អប់រំឱ្យកុមារ យុវជន យុវនារីទាំងអស់ បានយល់ដឹង និងត្រៀមការពារខ្លួន ផងដែរ។ គ្រប់មន្ទីរ អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមគ្នាលើកកម្ពស់ការបង្កើតការងារ និង មុខរបរក្នុងស្រុក ដើម្បីលុបបំបាត់ការធ្វើទេសន្តរប្រវេសន៍ទាំងប្រថុយប្រថាន និងមិន មានឯកសារត្រឹមត្រូវ ឬស្របច្បាប់៕
អត្ថបទ ៖ ប៉េស សារី