ជប៉ុន និងប្រេស៊ីល ព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់រដ្ឋមន្ត្រីការបរទេស ជាលើកដំបូង
ជប៉ុន-ប្រេស៊ីល៖ ប្រទេសជប៉ុន និងប្រេស៊ីល បានបើកទំព័រប្រវត្តិសាស្ត្រការទូតថ្មីមួយ តាមរយៈការរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់រដ្ឋមន្ត្រីការបរទេស ជាលើកដំបូងបង្អស់នៅក្នុងទីក្រុងតូក្យូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅជាងមុន ។
នៅក្នុងជំនួបកំពូលនេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូស៊ីមីតស៊ូ ម៉ូតេហ្គី (Toshimitsu Motegi) និងសមភាគីប្រេស៊ីល លោក ម៉ូរ៉ូ វីសេឡា (Mauro Vieira) បានព្រមព្រៀងគ្នាជាគោលការណ៍ ក្នុងការដៅក្បាលម៉ាស៊ីនពង្រឹងសន្តិសុខផ្នែកសេដ្ឋកិច្ច និងការបង្កើតយន្តការរួមគ្នា ដើម្បីគាំពារដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងស្នាក់នៅ និងធ្វើការនៅបរទេស ។
ភាគីជប៉ុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រទេសប្រេស៊ីល ដោយសារតែប្រទេសដែនដីអាម៉េរិកឡាទីនមួយនេះ គឺជាទីកន្លែងដែលមានប្រជាជនជប៉ុនរស់នៅក្រៅប្រទេស ក្នុងចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក និងជាដៃគូដែលមានមនោគមវិជ្ជាស្របគ្នា ។
ជំនួបការទូតនេះ គឺជាការប្រែក្លាយកិច្ចព្រមព្រៀងការទូតកាលពីខែមីនា ឆ្នាំ២០២៥ របស់ប្រធានាធិបតីប្រេស៊ីល លោក លូឡា ឱ្យទៅជាសកម្មភាពជាក់ស្ដែង តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈផ្លូវការ ក្នុងការជួយសង្គ្រោះ និងការពារពលរដ្ឋទាំងសងខាងពេលមានអាសន្ន ។
ក្រៅពីកិច្ចការសង្គម មហាអំណាចទាំងពីរ ក៏បានសង្កត់ធ្ងន់លើតុល្យភាពសេដ្ឋកិច្ចផងដែរ ដោយប្រេស៊ីលនៅតែជាប្រភពផ្គត់ផ្គង់ធនធានធម្មជាតិមិនអាចខ្វះបានសម្រាប់ជប៉ុន ខណៈជប៉ុនគឺជាខ្នងបង្អែកវិនិយោគដ៏ធំលើវិស័យឧស្សាហកម្ម និងសំណង់ហេដ្ឋារចនាសម្ព័ន្ធនៅប្រេស៊ីល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Ministry of Foreign Affairs of Japan