លោក គីម ជុងអ៊ុន បញ្ជាឱ្យពង្រឹងព្រំដែនកូរ៉េខាងជើងជាប់កូរ៉េខាងត្បូង ឱ្យក្លាយទៅជាបន្ទាយដែកថែបដែលមិនអាចរំលាយបាន
កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យកងទ័ពជួរមុខទាំងអស់ បង្កើនការការពារនិងប្រែក្លាយតំបន់ព្រំដែនជាប់កូរ៉េខាងត្បូង ឱ្យទៅជា «បន្ទាយដែកថែបដែលមិនអាចរំលាយបាន»។ បទបញ្ជាយោធាដ៏តឹងរ៉ឹងនេះ ធ្វើឡើងក្នុងឱកាសដែលលោកជួបប្រជុំដោយផ្ទាល់ជាមួយក្រុមមេបញ្ជាការកងពលធំៗ នៅក្នុងទីក្រុងព្យុងយ៉ាង កាលពីពេលថ្មីៗនេះ ដើម្បីពង្រឹងយុទ្ធសាស្ត្រទប់ស្កាត់ការផ្ទុះសង្គ្រាម ។
នៅក្នុងជំនួបយុទ្ធសាស្ត្រនោះ លោក គីម បានដាក់ចេញនូវផែនការផ្លាស់ប្ដូររចនាសម្ព័ន្ធកងទ័ព និងដំឡើងសមត្ថភាពអាវុធគ្រប់កងឯកភាពទាំងអស់ ដើម្បីឱ្យដើរទាន់ទម្រង់សង្គ្រាមសម័យទំនើប។ លោកបានសង្កត់ធ្ងន់ថា យោធាត្រូវតែបង្កើនការប្រុងប្រយ័ត្នគ្រប់វិនាទីដើម្បីប្រឆាំងនឹងកូរ៉េខាងត្បូង ដែលលោកបានហៅថាជា «សត្រូវសួពូជ» របស់ទីក្រុងព្យុងយ៉ាង ។
តំបន់ព្រំដែនរវាងកូរ៉េទាំងពីរ បច្ចុប្បន្នគឺជាខ្សែបន្ទាត់សីមាដែលហ៊ុមព័ទ្ធដោយបន្លាលួស និងយោធាយ៉ាងក្រាស់ក្រែលរួចជាស្រេចទៅហើយ ដោយមានតំបន់គ្មានអាវុធ (DMZ) ប្រវែង ២៥០ គីឡូម៉ែត្រជាតំបន់ទ្រនាប់។ ការប្រកាសពង្រឹងបន្ថែមលើតំបន់នេះ ស្ដែងឱ្យឃើញពីការកើនឡើងកម្ដៅនយោបាយទ្វេភាគីកាន់តែខ្លាំងឡើង នៅក្នុងតំបន់ដទៃទៀតនៃទ្វីបអាស៊ី ។
បទបញ្ជាពង្រឹងព្រំដែននេះ គឺជាផ្នែកមួយនៃការបើកឆាកអនុវត្តផែនការការពារជាតិរបស់កូរ៉េខាងជើង ក្នុងរយៈពេល ៥ ឆ្នាំថ្មី ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ ផែនការយុទ្ធសាស្ត្រសឹកយូរអង្វែងនេះ ផ្ដោតចម្បងលើការជំរុញ និងពង្រីកសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធមីស៊ីលបាញ់កម្ទេចឱ្យកាន់តែទំនើប និងមានឥទ្ធិពលបំផ្លិចបំផ្លាញខ្ពស់ជាងមុន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.