ព័ត៌មានអន្តរជាតិ

លោកហ្សេលែនស្គី៖ កងទ័ពអ៊ុយក្រែនកំពុងនាំយកការបំផ្លិចបំផ្លាញឱ្យត្រឡប់ទៅដុតរោលនៅក្នុងទឹកដីរុស្ស៊ីវិញ

image


អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) បានប្រកាសកាលពីថ្ងៃចន្ទថា កងទ័ពអ៊ុយក្រែនកំពុងតែបង្វែរមុខព្រួញសង្គ្រាម និងនាំយកការបំផ្លិចបំផ្លាញឱ្យត្រឡប់ទៅដុតរោលនៅក្នុងទឹកដីរុស្ស៊ីវិញ តាមរយៈការបើកការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ ទៅលើគោលដៅរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធប្រេងសំខាន់ៗរបស់ទីក្រុងម៉ូស្គូ ។
 
ដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់ លោក ហ្សេលែនស្គី បានបង្ហើបថា យុទ្ធសាស្ត្រវាយប្រហាររយៈចម្ងាយឆ្ងាយនេះ បានធ្វើឱ្យសមត្ថភាពចម្រាញ់ប្រេងរបស់រុស្ស៊ីធ្លាក់ចុះអស់ ១០% ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ផលប៉ះពាល់នេះ បានបង្ខំឱ្យក្រុមហ៊ុនរុស្ស៊ីជាច្រើន ត្រូវបិទអណ្តូងប្រេង ដែលជាប្រភពចំណូលសេដ្ឋកិច្ចដ៏ធំបំផុតរបស់ខ្លួនទាំងបង្ខំចិត្ត ។
 
មេដឹកនាំអ៊ុយក្រែន គូសបញ្ជាក់ថា ការបិទអណ្តូងប្រេងនេះនឹងបង្កជាការខូចខាតយូរអង្វែងដល់រុស្ស៊ី ព្រោះបច្ចេកទេសក្នុងការបើកដំណើរការអណ្តូងប្រេងឡើងវិញ គឺមានភាពស្មុគស្មាញ និងចំណាយពេលខ្លាំង មិនដូចប្រទេសផលិតប្រេងដទៃឡើយ។ លោកលើកឡើងបន្ថែមថា ស្ថានភាពនេះ កំពុងរុញច្រានតំបន់ជាច្រើនរបស់រុស្ស៊ី ឱ្យធ្លាក់ចូលក្នុងវិបត្តិអសកម្ម និងការដួលរលំផ្នែកហិរញ្ញវត្ថុ ។
 
ក្រៅពីបញ្ហាប្រេង លោក ហ្សេលែនស្គី ក៏បានវាយប្រហារលើប្រព័ន្ធគ្រប់គ្រងរបស់វិមានក្រឹមឡាំង ដោយអះអាងថា ឱនភាពថវិកាជាតិរបស់រុស្ស៊ីក្នុងឆ្នាំ២០២៦ នេះ បានហក់ឡើងខ្ពស់ហួសពីផែនការរួចទៅហើយ។ លោកសង្កត់ធ្ងន់ថា ទោះបីជាលោក ពុទីន មានលុយបម្រុងសម្រាប់សង្គ្រាមក៏ដោយ ក៏វាមិនអាចទប់ទល់នឹងសង្គ្រាមដែលអូសបន្លាយគ្មានទីបញ្ចប់នេះបានឡើយ ។
 
ទោះជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍បែកធ្លាយពីរដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក អង់តូន ស៊ីលូអាណូវ (Anton Siluanov) ក៏បានទទួលស្គាល់ដោយប្រយោលដែរថា ឱនភាពថវិកាតាមតំបន់របស់រុស្ស៊ីពិតជាបានហក់ឡើងដល់កម្រិតកំណត់ត្រាខ្ពស់ពិតមែន កាលពីឆ្នាំមុន និងអាចបន្តកើនឡើងបន្ថែមទៀតក្នុងឆ្នាំ២០២៦ នេះ ដោយសារតែកំណើនសេដ្ឋកិច្ចដើរយឺត ស្របពេលរុស្ស៊ីត្រូវជាប់កាតព្វកិច្ចចំណាយធ្ងន់ធ្ងរលើសឹកសង្គ្រាម ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ dailynewshungary