ប្រធានសាខាប.ស.ស. ខេត្តបន្ទាយមានជ័យ ជំរុញឱ្យម្ចាស់សហគ្រាស និងរោងចក្រ ត្រូវចូលរួមបំពេញកាតព្វកិច្ចចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីធានានូវការការពារផលប្រយោជន៍ និងសិទ្ធិរបស់កម្មករនិយោជិតរបស់ខ្លួន
បន្ទាយមានជ័យ ៖ លោក ថោ ហ៊រ ប្រធានសាខារបបសន្តិសុខសង្គម (ប.ស.ស.) ខេត្តបន្ទាយមានជ័យ បានជំរុញឱ្យម្ចាស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ត្រូវចូលរួមបំពេញកាតព្វកិច្ចចុះបញ្ជីសហគ្រាស និងកម្មករនិយោជិត ព្រមទាំងបង់ភាគទានមក ប.ស.ស. ឱ្យបានត្រឹមត្រូវ ព្រោះជាកាតព្វកិច្ចស្របតាមច្បាប់ ដើម្បីធានានូវការការពារផលប្រយោជន៍ និងសិទ្ធិរបស់កម្មករនិយោជិតរបស់ខ្លួន ប្រសិនបើម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ខកខានមិនបានចុះបញ្ជីស្របតាមច្បាប់ជាធរមាន នោះសហគ្រាសនឹងត្រូវប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់។
ការជំរុញនេះ បានធ្វើឡើងក្នុងឱកាសផ្សព្វផ្សាយស្តីពី គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ដែលរៀបចំឡើងនៅសាលប្រជុំសាខា ប.ស.ស.ខេត្តបន្ទាយមានជ័យ ស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
លោក ថោ ហ៊រ បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយនេះ ក្នុងគោលបំណងដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងកិច្ចសហប្រតិបត្តិការរវាង ប.ស.ស. និងតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ឱ្យកាន់តែមានភាពជិតស្និទ្ធ ព្រមទាំងផ្សព្វផ្សាយនូវវឌ្ឍនភាព និងព័ត៌មានសំខាន់ៗ អំពីបច្ចុប្បន្នភាពបទប្បញ្ញត្តិនៃការអនុវត្តរបបសន្ដិសុខសង្គម ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលថ្មីៗរបស់ ប.ស.ស. ដែលកំពុងប្រើប្រាស់ផងដែរ។
ជាមួយគ្នានេះ លោកប្រធានសាខា ក៏បានផ្ដាំផ្ញើ និងអំពាវនាវដល់តំណាងម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រទាំងអស់ដែលបានចូលរួម សូមជួយបន្តផ្សព្វផ្សាយនូវចំណេះដឹង និងព័ត៌មានសំខាន់ៗ ទៅកាន់កម្មករនិយោជិតក្នុងសហគ្រាស ក្រុមហ៊ុន រោងចក្រ របស់ខ្លួនឱ្យបានទូលំទូលាយ ដើម្បីឱ្យពួកគាត់បានយល់កាន់តែច្បាស់អំពីសិទ្ធិ និងអត្ថប្រយោជន៍ដែលត្រូវទទួលបានពីរបបសន្ដិសុខសង្គម ជាពិសេសជំរុញឱ្យកម្មករនិយោជិតរបស់ខ្លួន ចេះប្រើប្រាស់ប្រព័ន្ធឌីជីថលថ្មីៗរបស់ ប.ស.ស. ដើម្បីធានាថាការទទួលបានសេវារបស់ ប.ស.ស. អាចធ្វើទៅបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕
លោក ប៊ុន សំណាង