គ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ វាយប្រហារតំបន់ភាគខាងកើត ប្រទេសតួកគីយ៉េ ដោយសាយភាយរំញ័រដល់ប្រទេសជិតខាង
តួកគីយ៉េ៖ ហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគខាងកើតប្រទេសតួកគីយ៉េ កាលពីព្រឹកថ្ងៃពុធម្សិលមិញ ដោយបង្កឱ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង ព្រមទាំងធ្វើឱ្យប្រជាពលរដ្ឋ និងសិស្សសាលានាំគ្នារត់ចេញពីក្នុងអគារ មកកាន់ទីវាលខាងក្រៅ ។
បើតាមទិន្នន័យពីអាជ្ញាធរគ្រោះមហន្តរាយតួកគីយ៉េ បានឱ្យដឹងថា គ្រោះធម្មជាតិនេះ បានកើតឡើងនៅក្នុងស្រុក បាតាហ្គាហ្ស៊ី (Battalgazi) ខេត្តម៉ាឡាថ្យា (Malatya) ក្នុងជម្រៅជាង ៧ គីឡូម៉ែត្រ ដែលកម្រិតរញ្ជួយដ៏ខ្លាំងនេះ បានសាយភាយរំញ័រទៅដល់ខេត្តក្បែរខាងជាច្រើនទៀត រួមទាំងខេត្ត ការ៉ាម៉ានម៉ារ៉ាស (Kahramanmaras) ដែលធ្លាប់រងគ្រោះមហន្តរាយខ្លាំងកាលពីមុន ។
កាន់តែគួរឱ្យព្រួយបារម្ភនោះ ឥទ្ធិពលនៃរលករញ្ជួយដីចេញពីប្រទេសតួកគីយ៉េលើកនេះ បានជះឥទ្ធិពលឆ្លងដែនរហូតធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅភាគខាងជើងប្រទេសស៊ីរី និងតំបន់មួយចំនួននៃប្រទេសលីបង់ ទទួលបាននូវអារម្មណ៍នៃការរញ្ជួយ និងមានការតក់ស្លុតព្រួយបារម្ភពីសុវត្ថិភាពផងដែរ ។
ទោះជាយ៉ាងណាក៏ដោយ គិតមកទល់ពេលបច្ចុប្បន្ន អាជ្ញាធរតួកគីយ៉េ មិនទាន់ទទួលបានរបាយការណ៍ណាមួយស្តីពីការរងរបួស ស្លាប់បាត់បង់ជីវិត ឬការបាក់រលំខូចខាតសំណង់អគារនៅឡើយទេ ខណៈដែលក្រុមការងារបច្ចេកទេស កំពុងបន្តចុះពិនិត្យតាមទីតាំងរងគ្រោះជាបន្តបន្ទាប់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ AA Photo/ AFAD