ព័ត៌មានជាតិ

មជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក. បើកពិព័រណ៍ស្តីអំពី “សំណងនៅចំពោះមុខ អ.វ.ត.ក. និងពិព័រណ៍សៀវ ដេីម្បីសាធារណជនយល់ដឹងកាន់តែច្បាស់ពីរបបយង់ឃ្នងនេះ

image

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដែលជាទិវាជាតិនៃការចងចាំ មជ្ឈមណ្ឌលធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានបើកពិព័រណ៍ស្តីអំពី “សំណងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា” និងពិព័រណ៍សៀវភៅក្រោមប្រធានបទ “អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ ដើម្បីការចងចាំ” នៅក្នុងមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ក្រោមវត្តមានមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងស្ថាប័នជាតិ និងអន្តរជាតិ ដៃគូអភិវិឌ្ឍ អង្គការសង្គមស៊ីវិល ដើមបណ្តឹងរដ្ឋប្បវេណី អ្នកសិក្សាស្រាវជ្រាវ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ១៥០នាក់។

ក្នុងឱកាសនោះ លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក. មានប្រសាសន៍ថា «ការរៀបចំពិព័រណ៍ស្តីអំពីសំណង និងពិព័រណ៍សៀវភៅក្នុងឱកាសរំលឹកដល់ជនរងគ្រោះ និងអ្នកដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហមនេះជាការបន្តរក្សាមរតកនៃការចងចាំ “ការអប់រំ និងយុត្តិធម៌សម្រាប់យុវជនជំនាន់ក្រោយ"។ តាមរយៈការបង្ហាញអំពីគម្រោងសំណង និងការផ្សព្វផ្សាយសៀវភៅឯកសារ និងចំណេះដឹងប្រវត្តិសាស្ត្រនេះ លោកសង្ឃឹមថា សាធារណជននឹងយល់ដឹងកាន់តែច្បាស់ ហើយសៀវភៅនេះក៏នឹងធ្វេីឱ្យសារណជនយល់ដឹងពីតម្លៃនៃសន្តិភាព ការផ្សះផ្សា និងការទទួលខុសត្រូវរួមក្នុងការអភិរក្ស ការចងចាំរបស់សង្គមកម្ពុជា។

ម្យ៉ាងវិញទៀត ពិព័រណ៍សំណងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាក៏មានដាក់តាំងបង្ហាញអំពីគម្រោងសំណងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅក្នុងបរិវេណនៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. តាមរយៈរូបថត ឯកសារ សក្ខីកម្ម និងផ្ទាំងព័ត៌មានអប់រំផ្សេងៗដែលបង្ហាញពីដំណើរការនៃសំណង់ ចាប់ពីគោលការណ៍រហូតដល់ការអនុវត្តជាក់ស្តែង និងផលទទួលបានពីសំណងទាំងនោះដល់ជនរងគ្រោះ និងក្នុងសង្គមទាំងមូល។

ពិព័រណនេះក៏បានបង្ហាញអំពីសិទ្ធិទទួលបានសំណង និងការវិវត្តរបស់គម្រោងសំណងនៅក្នុងបរិបទរបស់ អ.វ. ត.ក.នាំឱ្យមានការយល់ដឹងច្បាស់លាស់ និងងាយស្រួលអំពីប្រព័ន្ធសំណងរបស់ អ.វ.ត.ក. ចាប់ពីដំណាក់កាលដាក់ពាក្យរហូតដល់ការអនុវត្ត។ ក្រៅពីនេះបង្ហាញពីគំនិតផ្តួចផ្តើមរបស់អង្គការសង្គមស៊ីវិលដែលបន្តគាំទ្រជនរងគ្រោះលើសពីក្របខណ្ឌយុត្តិធម៌របស់ អ.វ. ត.ក. ផងដែរ ។ ទន្ទឹមនេះបានជំរុញភាពជាដៃគូ គំនិតថ្មីៗ និងការប្តេជ្ញាចិត្តសម្រាប់ស្ថាប័នកេរដំណែល អ.វ.ត.ក. នាពេលអនាគត ផងដែរ។ 

ពិព័រណ៍សៀវភៅស្តីពី “អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ ដើម្បីការចងចាំ” នេះក៏មានគោលបំណងរំលឹកដល់ការចងចាំពីព្រឹត្តការណ៍ក្នុងរបបខ្មែរក្រហម ក្នុងទិវានៃ ការចឹងចាំ២០ ឧសភា ឆ្នាំ២០២៦ ដែលផ្តោតសំខាន់ទៅលើសៀវភៅប្រវត្តិសាស្ត្រ សៀវភៅច្បាប់ និងប្រភេទសៀវភៅមួយចំនួនទៀត ដើម្បីបង្ហាញនូវការរួមចំណែករបស់ អ.វ.ត.ក.ដែលបានធ្វើការងារលើដំណើរការស្វែងរកយុត្តិធម៌ ការផ្សះផ្សា ការចងចាំ សន្តិភាព ដែលជាកេរដំណែលមិនអាចកាត់ថ្លៃបាន។

ពិព័រណ៍សៀវភៅស្ដីអំពី “អក្សរសាស្ត្រប្រ វត្តិសាស្ត្រ ដើម្បីការចងចាំ ” នឹងមានស្តង់ដាក់លក់ និងចែកចាយសៀវភៅនិងឯកសារផ្សេងៗពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ ច្បាប់ យុត្តិធម៌អន្តរកាល និងឯកសារអប់រំផ្សេងៗ ដោយមានការចូលរួមពីអ្នកនិពន្ធ បណ្ណាល័យ បណ្ណាគារ ស្ថាប័នអប់រំ និងសង្គមស៊ីវិលផងដែរ។ ក្រៅពីស្តង់ពិព័រណ៍សៀវភៅ កម្មវិធីនេះក៏នឹងមានការធ្វើបទបង្ហាញ កិច្ចពិភាក្សា និងការចាក់បញ្ចាំងភាពយន្តឯកសារ ផងដែរ។ 

កម្មវិធីពិព័រណ៍នេះនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយរំពឹងថានឹងមានការចូលរួមពីជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី យុវជន អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងសាធារណជនទូទៅ ដើម្បីរួមគ្នាឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃការចងចាំ ការផ្សះផ្សានៅក្នុងសង្គមកម្ពុជា៕ 

អត្ថបទ៖ វង សុភ័ក្ត្រ