ព័ត៌មានអន្តរជាតិ

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ពង្រឹងបណ្តាញកិច្ចសហប្រតិបត្តិការនៅក្នុងកម្មវិធីបង្កើតទំនាក់ទំនងនៃជំនួបកំពូលសុខភាពអាស៊ី ២០២៦ នៅទីក្រុងគូឡាឡាំពួរ

image

ម៉ាឡេស៊ី៖ ក្នុងឱកាសចូលរួមកម្មវិធីបង្កើតទំនាក់ទំនង (Networking Reception) នៃព្រឹត្តិការណ៍ជំនួបកំពូលសុខភាពអាស៊ី ២០២៦ (Health Submit Asia) នៅទីក្រុងគូឡាឡាំពួរ, គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឧកញ៉ា សាស្ត្រាចារ្យ វេជ្ជបណ្ឌិត តាន់ គឹមមេង សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សា និងផ្លាស់ប្តូរព័ត៌មានជាមួយក្រុមហ៊ុនអន្តរជាតិ ដៃគូពាណិជ្ជកម្ម និងស្ថាប័នរៀបចំព្រឹត្តិការណ៍ ដើម្បីស្វែងរកឱកាសថ្មីៗក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងឧស្សាហកម្មពាក់ព័ន្ធ។

ក្នុងជំនួបទាំងនោះ ភាគីនានា បានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យសុខាភិបាល ការវិនិយោគលើបច្ចេកវិទ្យាវេជ្ជសាស្ត្រ ក៏ដូចជាការលើកកម្ពស់ការតភ្ជាប់រវាងវិស័យឯកជនក្នុងតំបន់អាស៊ាន។ ភាគីទាំងអស់ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តចូលរួមកិច្ចប្រជុំ ពិព័រណ៍ និងវេទិកាពាណិជ្ជកម្មលើកក្រោយៗទៀត ដើម្បីពង្រឹងទំនាក់ទំនង និងបង្កើនកាលានុវត្តភាពអាជីវកម្មរួមគ្នា។

ក្រៅពីនេះ ប្រធានគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនឱសថ ក្រុមហ៊ុនផលិតបរិក្ខាវេជ្ជសាស្ត្រ និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាសុខាភិបាលមកពីបណ្តាប្រទេសផ្សេងៗ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហការ ការផ្គត់ផ្គង់ផលិតផល និងការផ្ទេរបច្ចេកវិទ្យាសម្រាប់ទីផ្សារកម្ពុជា។

ព្រឹត្តិការណ៍ ជំនួបកំពូលសុខភាពអាស៊ី ២០២៦ នៅទីក្រុងគូឡាឡាំពួរ ត្រូវបានចាត់ទុកជាវេទិកាសំខាន់មួយសម្រាប់ការជួបជុំរវាងអ្នកជំនាញ វិនិយោគិន ក្រុមហ៊ុនឱសថ មន្ទីរពេទ្យ និងអ្នករៀបចំគោលនយោបាយក្នុងវិស័យសុខាភិបាលមកពីតំបន់អាស៊ី និងអន្តរជាតិ។ កម្មវិធីនេះ ក៏មានការរៀបចំពិព័រណ៍ និងសន្និសីទជាច្រើន ដើម្បីបង្ហាញអំពីនវានុវត្តន៍ថ្មីៗក្នុងវិស័យវេជ្ជសាស្ត្រ សុខភាពឌីជីថល និងសេវាសុខាភិបាលទំនើប។

ការចូលរួមរបស់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក្នុងព្រឹត្តិការណ៍នេះ ត្រូវបានមើលឃើញថា ជាផ្នែកមួយនៃការជំរុញទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញដៃគូវិនិយោគថ្មីៗ សម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាល និងឧស្សាហកម្មពាក់ព័ន្ធនៅកម្ពុជា ដែលនេះជាសក្ខីភាពនៃការប្តេជ្ញាចិត្ត និងទិសដៅដ៏មុតមាំ ក្រោមការចង្អុលបង្ហាញរបស់ អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។