អភិបាលខេត្តកណ្តាល ជំរុញដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ ឱ្យរាយការណ៍ទៅអាជ្ញាធរដែលនៅជិតបំផុត នៅពេលជួបបញ្ហាប្រឈម ដើម្បីជួយសម្របសម្រួល និងដោះស្រាយបានទាន់ពេលវេលា
កណ្តាល៖ អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានជំរុញដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ ឱ្យរាយការណ៍ទៅអាជ្ញាធរដែលនៅជិតបំផុត នៅពេលជួបបញ្ហាប្រឈម និងសំណូមពរ ដើម្បីជួយសម្របសម្រួល និងដោះស្រាយបានទាន់ពេលវេលា។
ការជំរុញនេះ ធ្វើឡើងក្នុងឱកាសដែលលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជួបសំណេះសំណាលជាមួយក្រុមគ្រួសារវីរៈកងទ័ពជួរមុខ នៅស្រុកកៀនស្វាយ។
លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារវីរកងទ័ព សូមមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែលនៅជិតខ្លួន ដើម្បីមានភាពងាយស្រួលក្នុងការផ្ដល់ព័ត៌មាន ឬតម្រូវការចាំបាច់ណាមួយដែលត្រូវការ ដើម្បីឱ្យពួកគាត់បានជួយផ្ដល់សេវាឱ្យបានលឿន រហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
ក្នុងឱកាសនោះ លោកអភិបាលខេត្តកណ្ដាល ក៏បានថ្លែងអំណរគុណក្រុមគ្រួសារវីរកងទ័ព ដែលបានលះបង់សាច់ញាតិ ពិសេសប្ដី ដែលនេះ គឺជាការលះបង់មួយដ៏ធំធេង ហើយការលំបាករបស់កងទ័ពជួរមុខ គឺមានតែក្រុមគ្រួសារផ្ទាល់ទេ ដែលដឹងច្បាស់អំពីសុខទុក្ខរបស់ពួកគាត់។ ដូច្នេះទើបរាជរដ្ឋាភិបាល តែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់គ្រួសារកងទ័ពជួរមុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យវីរកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនមានអារម្មណ៍ស្ងប់ ព្រោះថាក្រុមគ្រួសាររបស់គាត់ត្រូវបានយកចិត្តទុកដាក់ មើលការខុសត្រូវ និងមិនបោះបង់ពួកគាត់ចោលឡើយ។
ជាមួយគ្នានេះដែរ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដោយក្ដីនឹករលឹកបំផុត៕
អត្ថបទ៖ ឈុន សុភ័ក្រ