អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់គ្រួសារកងទ័ព ជិត ៣០០គ្រួសារ
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី អ៊ុំរាត្រី និងលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់គ្រួសារកងទ័ពតំបន់ប្រតិបត្តការសឹករងបន្ទាយមានជ័យ ៥៥គ្រួសារ និងគ្រួសារកងទ័ពកងពលតូចថ្មើរជើងលេខ៥១ ស្រុកព្រះនេត្រព្រះ ២២៥គ្រួសារ។
នៅក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនចំពោះគ្រួសារីរកងទ័ពដោយក្ដីនឹករឭក។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានបង្ហាញអំពីដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជា ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាងការពារបូរណភាពទឹកដីពីសត្រូវដែលមានមហិច្ឆតាឈ្លានពានកម្ពុជា។ លោកអភិបាលខេត្ត បញ្ជាក់ថា វីរភាពដ៏អង់អាចក្លាហាន បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ចងចាំមិនភ្លេចនូវគុណូបការៈដ៏ធំធេងរបស់វីរកងទ័ពដែលបានស្មោះស្ម័គ្រ លះបង់សាច់ស្រស់ឈាមស្រស់ ក្រុមគ្រួសារប្រពន្ធកូន ក្នុងបុព្វហេតុការពាទឹកដី ជាតិមាតុភូមិ។ ជាការតបស្នងប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ជានាយករដ្ឋមន្ត្រី ក៏បានតែងតែគិតគូរសុខទុក្ខកងទ័ព ក្រុមគ្រួសារ ជាពិសេគ្រួសារវីរកងទ័ពដែលបានពលី៕