និយ័តករធានារ៉ាប់រងកម្ពុជា បញ្ជ្រាបការយល់ដឹងអំពីនីតិវិធីទទួល និងដោះស្រាយបណ្ដឹង ដើម្បីពង្រឹងទំនុកចិត្តលើវិស័យធានារ៉ាប់រងនៅកម្ពុជា
កំពង់ឆ្នាំង៖ និយ័តករធានារ៉ាប់រងកម្ពុជា (IRC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «នីតិវិធីនៃការទទួល និងការដោះស្រាយបណ្តឹងធានារ៉ាប់រង» ដើម្បីលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងដល់សាធារណជន និងពង្រឹងទំនុកចិត្តលើសេវាធានារ៉ាប់រងនៅកម្ពុជា។
សិក្ខាសាលានេះ បានធ្វើឡើងនារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកស្រី តាន់ លីនណា អគ្គនាយករងនៃ និយ័តករធានារ៉ាប់រងកម្ពុជា តំណាងលោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិត និងសាធារណជនជាច្រើនរូប។
លោកស្រី តាន់ លីនណា អគ្គនាយករងនៃ និយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា វិស័យធានារ៉ាប់រង គឺជាវិស័យហិរញ្ញវត្ថុមិនមែនធនាគារដ៏សំខាន់មួយ ដែលបាន និងកំពុងដើរតួនាទីជំរុញកំណើនសេដ្ឋកិច្ច និងសង្គមកិច្ចនៅកម្ពុជា។ លោកស្រីមានប្រសាសន៍ថា វិស័យនេះកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៩ ខណៈទំហំបុព្វលាភដុលមានប្រមាណ ៣៦៧លានដុល្លារអាម៉េរិក អត្រាភាគទានក្នុងសេដ្ឋកិច្ចប្រមាណ ១,១% និងដង់ស៊ីតេធានារ៉ាប់រងជាង ២០ដុល្លារអាម៉េរិកសម្រាប់មនុស្សម្នាក់។
លោកស្រីបានគូសបញ្ជាក់ថា ទំនុកចិត្តរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការជំរុញការប្រើប្រាស់សេវាធានារ៉ាប់រង និងការអភិវឌ្ឍវិស័យនេះ។ ទន្ទឹមនឹងនេះ ការធានារ៉ាប់រងក៏ជាឧបករណ៍ហិរញ្ញវត្ថុដ៏មានសារៈសំខាន់ សម្រាប់ការពារហានិភ័យហិរញ្ញវត្ថុនាពេលអនាគតផងដែរ។
លោកស្រីបន្ថែមថា ដោយមើលឃើញពីកង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រង និងដើម្បីកសាងទំនុកចិត្ត និងការពារដល់អ្នកប្រើប្រាស់ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយអំពីប្រភេទនៃបណ្ដឹងធានារ៉ាប់រង នីតិវិធីនៃការដាក់ពាក្យបណ្ដឹង និងតួនាទីរបស់និយ័តករក្នុងការដោះស្រាយបណ្ដឹងធានារ៉ាប់រង។
ជាមួយគ្នានេះ លោកស្រី ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួន តាមរយៈការដាក់ពាក្យតវ៉ា ឬបណ្ដឹងមកនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងករណីមិនពេញចិត្ត ឬមិនទទួលបានសំណង និងផលប្រយោជន៍ធានារ៉ាប់រងស្របតាមកិច្ចសន្យា។
លោកស្រីបានថ្លែងថា បច្ចុប្បន្ន និយ័តករធានារ៉ាប់រងកម្ពុជា បានដាក់ឱ្យប្រើប្រាស់យន្តការថ្មីៗ សម្រាប់ទទួលបណ្ដឹង ទាំងតាមផ្ទាល់ គេហទំព័រ និងកម្មវិធីបណ្ដឹងតាមទូរសព្ទដៃ ដើម្បីបង្កភាពងាយស្រួល និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនសាធារណជន។
ក្រៅពីការផ្សព្វផ្សាយអំពីនីតិវិធីដោះស្រាយបណ្ដឹង សិក្ខាសាលានេះក៏មានគោលបំណងបើកវេទិកាពិភាក្សា និងឆ្លើយសំណួរពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រង ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យធានារ៉ាប់រងនៅកម្ពុជា៕