សង្គម

ចិនបន្តឈរលេខ១ ជាអ្នកវិនិយោគនៅកម្ពុជា ខណៈរលកផ្លាស់ទីរោងចក្រចេញពីចិន ជំរុញឱ្យកម្ពុជាក្លាយជាគោលដៅឧស្សាហកម្មដ៏សំខាន់

image


ភ្នំពេញ៖ ប្រទេសកម្ពុជា កំពុងត្រូវបានចាត់ទុកថា ជាគោលដៅវិនិយោគដ៏ទាក់ទាញមួយនៅក្នុងតំបន់ ខណៈទទួលបានអត្ថប្រយោជន៍ពីរលកសកលនៃការផ្លាស់ប្តូរទីតាំងឧស្សាហកម្មចេញពីប្រទេសចិន។ ជាក់ស្តែង ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ កម្ពុជា ទទួលបានទុនវិនិយោគពីប្រទេសចិនមានទំហំជាង ១.៣០០លានដុល្លារអាម៉េរិក ដែលធ្វើឲ្យចិន បន្តឈរជាប្រទេសវិនិយោគបរទេសធំបំផុតនៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ផ្អែកលើការវិភាគទិន្នន័យ មានរោងចក្រប្រមាណ ៥៤ម៉ឺន នៅប្រទេសចិន ដែលរំពឹងថា នឹងផ្លាស់ប្តូរទីតាំងផលិតកម្មទៅកាន់ប្រទេសផ្សេងៗ។ ចាប់តាំងពីឆ្នាំ២០២០មក មានរោងចក្រប្រមាណ ១២ម៉ឺន ឬស្មើប្រហែល ២០% បានផ្លាស់ទីរួចហើយ។ វិស័យសំខាន់ៗដែលកំពុងផ្លាស់ទីរួមមាន គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត ការកែច្នៃកសិផល និងវិស័យកាត់ដេរ។
ចរន្តផ្លាស់ទីឧស្សាហកម្ម និងកំណើនសេដ្ឋកិច្ចនេះ នឹងបន្តកើនឡើង ដែលអាចជំរុញឲ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគឧស្សាហកម្មកាន់តែសំខាន់ បើទោះបីជាពន្ធនាំចេញទំនិញពីកម្ពុជាទៅសហរដ្ឋអាម៉េរិក ត្រូវបានរំពឹងថា នឹងមានអត្រា ១៩% ក៏ដោយ។

លើសពីនេះ កម្ពុជា ក៏មានអត្ថប្រយោជន៍ផ្នែកកម្លាំងពលកម្មផងដែរ ដោយមានកម្លាំងពលកម្មវ័យក្មេង និងមានពលករប្រមាណ ១លាននាក់ ដែលបានត្រឡប់មកពីប្រទេសថៃ អាចចូលរួមគាំទ្រកំណើនវិស័យឧស្សាហកម្ម និងផលិតកម្មក្នុងស្រុក។
ជាមួយនឹងបរិយាកាសវិនិយោគអំណោយផល កម្លាំងពលកម្មវ័យក្មេង និងគោលនយោបាយគាំទ្រយ៉ាងរឹងមាំពីរាជរដ្ឋាភិបាល, កម្ពុជា កំពុងត្រូវបានមើលឃើញកាន់តែខ្លាំងឡើងថា ជាទីតាំងមានសក្តានុពលសម្រាប់ក្រុមហ៊ុនអន្តរជាតិ ដែលចង់ធ្វើពិពិធកម្មខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។
យោងតាម CDC គិតចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ដើមឆ្នាំ២០២៥ ទុនវិនិយោគរបស់ចិននៅកម្ពុជា មានទំហំសរុបប្រមាណ ៣៦ពាន់លានដុល្លារអាម៉េរិក ខណៈក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ (២០២១-២០២៥) ប្រទេសចិន បានឈរនៅលំដាប់លេខ១ ឬលេខ២ ជាប្រភពទុនវិនិយោគឯកជនធំបំផុតនៅកម្ពុជា។

ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ចិន បានក្លាយជាដៃគូវិនិយោគដ៏សំខាន់របស់កម្ពុជា ដោយជំរុញការអភិវឌ្ឍលើវិស័យសំខាន់ៗជាច្រើន រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម អចលនទ្រព្យ ថាមពល ទេសចរណ៍ និងកសិកម្ម ជាដើម។
ភាពជាដៃគូនេះ ត្រូវបានពង្រឹងបន្ថែមតាមរយៈគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” (BRI) របស់ចិន ដែលបានជំរុញការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើននៅកម្ពុជា ដូចជា ផ្លូវថ្នល់ ស្ពាន និងគម្រោងថាមពល ដែលជួយពង្រឹងការតភ្ជាប់ និងសមត្ថភាពសេដ្ឋកិច្ចរបស់ប្រទេស។

ការកើនឡើងនៃទុនវិនិយោគចិននេះ បានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងចិន។ ជាពិសេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀង RCEP ត្រូវបានចាត់ទុកជាកត្តាសំខាន់ ដែលលើកទឹកចិត្តឲ្យអ្នកវិនិយោគចិនកាន់តែច្រើនមកបណ្ដាក់ទុននៅកម្ពុជា។
ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ របស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងលោកនាយឧត្តមនាវី តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដើម្បីចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន ត្រូវបានគេរំពឹងថា នឹងជួយពង្រឹងទំនាក់ទំនង និងភាពធន់ផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ភាគីទាំងពីរ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ការពារជាតិ និងសន្តិសុខ ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យកសិកម្ម។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាព “ដែកថែប” រវាងកម្ពុជា និងចិន ព្រមទាំងបន្តខិតខំកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ បន្ថែមពីនេះសម្ដេច ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយចិនឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕