ព័ត៌មានអន្តរជាតិ

ពលរដ្ឋអៀរឡង់ដ៍ ចេញរិះគន់រដ្ឋាភិបាល ក្រោយបរាជ័យលើសេចក្តីព្រាងច្បាប់ស្តីពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូតលើប្រទេសអ៊ីស្រាអ៊ែល

image


 
ឌូប្ល៊ីន, អៀរឡង់ដ៍៖ រលកបាតុកម្មគាំទ្រប៉ាលេស្ទីនយ៉ាងក្តៅគគុក បានផ្ទុះឡើងនៅខាងក្រៅអគាររដ្ឋាភិបាលក្នុងទីក្រុងឌូប្ល៊ីន ប្រទេសអៀរឡង់ដ៍ កាលពីថ្ងៃពុធ បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូតលើប្រទេសអ៊ីស្រាអ៊ែល ត្រូវបរាជ័យ និងមិនអាចបោះឆ្នោតអនុម័តឆ្លងកាត់សភាបានឡើយ ។
 
ក្រុមអ្នកតវ៉ា រួមទាំងតារាសម្តែងលោក លីម ឃ្យូនីងហាំ (Liam Cunningham) បានសម្តែងការខកចិត្ត និងរិះគន់រដ្ឋាភិបាលអៀរឡង់ដ៍ចំៗថា ជារដ្ឋាភិបាលដែលល្អតែសម្តី និងនិយាយបាតដៃខ្នងដៃ ដោយពួកគេទាមទារឱ្យមានចំណាត់ការផ្លូវច្បាប់ជាក់ស្តែង ជាជាងការចេញមុខត្រឹមតែនិយាយថ្កោលទោសអ៊ីស្រាអ៊ែល ដដែលជាដដែល ។
 
បន្ថែមពីនេះ ក្រុមអ្នកតវ៉ា ក៏បានរំលេចផងដែរអំពីវិបត្តិមនុស្សធម៌ ដោយចោទប្រកាន់ថា ប្រព័ន្ធសិទ្ធិមនុស្សត្រូវរលាយបាត់បង់អស់ទៅហើយនៅក្នុងជម្លោះនេះ ដោយសារតែភាគីអ៊ីស្រាអ៊ែល ចាត់ទុកខ្លួនឯងជា «មនុស្សជាន់ខ្ពស់ដែលមានសិទ្ធិពិសេស» ខណៈចាត់ទុកពលរដ្ឋប៉ាលេស្ទីនជា «មនុស្សជាន់ទាបដែលគ្មានសិទ្ធិសេរីភាពអ្វីសោះ» ។
 
ទោះបីជាសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មលើកនេះ ត្រូវរងនូវការបោះឆ្នោតបដិសេធពីសំណាក់បក្សកាន់អំណាចយ៉ាងណាក្តី ក្រុមសកម្មជនការពារសិទ្ធិមនុស្សនៅតែអះអាងដោយការតាំងចិត្តថា ពួកគេនឹងមិនបោះបង់ចោលឡើយ ហើយនឹងបន្តជំរុញឱ្យមានការដាក់សេចក្តីព្រាងច្បាប់នេះសារជាថ្មីម្តងហើយម្តងទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.