សកម្មជនក្នុងទីក្រុងរ៉ូម ចេញតវ៉ាប្រឆាំងនឹងកងទ័ពជើងទឹកអ៊ីស្រាអ៊ែល ដែលស្ទាក់ចាប់ក្បួនកប៉ាល់មនុស្សធម៌ GSF រួមទាំងចាប់ឃាត់ខ្លួនសកម្មជនអន្តរជាតិជាច្រើននាក់
រ៉ូម, អ៊ីតាលី៖ ប្រជាពលរដ្ឋ និងក្រុមសកម្មជន បាននាំគ្នាធ្វើការតវ៉ានៅខាងមុខសភាជាតិប្រទេសអ៊ីតាលី ក្នុងទីក្រុងរ៉ូម ដើម្បីសម្តែងការមិនពេញចិត្ត និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះករណីដែលកងទ័ពជើងទឹកអ៊ីស្រាអ៊ែល បានបើកប្រតិបត្តិការស្ទាក់ចាប់ក្បួនកប៉ាល់មនុស្សធម៌ GSF ព្រមទាំងចាប់ឃាត់ខ្លួនសកម្មជនអន្តរជាតិជាច្រើននាក់ ។
នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមអ្នកចូលរួមតវ៉ា បាននាំគ្នាធ្វើសកម្មភាពលុតជង្គង់ចងដៃទៅក្រោយ ដើម្បីធ្វើត្រាប់តាម និងឌឺដងទៅនឹងទង្វើរបស់កងទ័ពអ៊ីស្រាអ៊ែល ដែលបានធ្វើបាបសកម្មជនអន្តរជាតិទាំងកម្រោល ខណៈតំណាងអ្នកតវ៉ា បានរិះគន់ចំៗថា អ៊ីស្រាអ៊ែលហ៊ានធ្វើខុសច្បាប់អន្តរជាតិដដែលៗបែបនេះ ក៏ព្រោះតែមានមហាអំណាចលោកខាងលិចនៅពីក្រោយខ្នង ចាំជួយផ្តល់ទាំងលុយ អាវុធ និងខ្នងបង្អែកការទូតជាដើម ។
គួររំឭកដែរថា ក្រុមសកម្មជនដែលរងគ្រោះទាំងនោះ មានសមាជិកប្រហែល ៤៣០ នាក់ មកពី ៤០ ប្រទេសផ្សេងៗគ្នា ដោយពួកគេបានរួមគ្នាបើកកប៉ាល់មនុស្សធម៌ចេញពីប្រទេសតួកគីយ៉េ ក្នុងគោលបំណងនាំយកស្បៀង និងថ្នាំសង្កូវទៅជួយពលរដ្ឋរងគ្រោះនៅតំបន់ហ្គាហ្សា ព្រមទាំងចង់ព្យាយាមបំបែកនូវការបិទខ្ទប់ផ្លូវទឹករបស់អ៊ីស្រាអ៊ែល ប៉ុន្តែត្រូវរងការរារាំងពាក់កណ្តាលផ្លូវតែម្តង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.