មនុស្ស ៤នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ភ្លើងឆេះដំបូលសណ្ឋាគារមួយកន្លែង នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ
ប៉ាតាយ៉ា, ថៃឡង់ដ៍៖ ហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានកើតឡើងនៅឯបារលើដំបូលជាន់ទី៧ នៃសណ្ឋាគារ ជេ.អេ ផ្លាស (J.A. Plus Hotel) ស្ថិតនៅលើផ្លូវ Pattaya Third Road ក្នុងទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី កាលពីម៉ោង ៩ យប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ដោយបង្កឱ្យមានការភ្ញាក់ផ្អើល និងភ័យស្លន់ស្លោដល់ភ្ញៀវទេសចរបរទេសរាប់រយនាក់ដែលកំពុងស្នាក់នៅទីនោះ ដោយរហូតដល់ម៉ោង ១០យប់ទើបក្រុមសង្គ្រោះអាចគ្រប់គ្រងស្ថានការណ៍បាន ។
នៅក្នុងកំឡុងកើតហេតុ ភ្ញៀវទេសចរជាង ១០០ នាក់ត្រូវបានជម្លៀសចេញពីសណ្ឋាគារដែលមានបន្ទប់ចំនួន ១៧៣ បន្ទប់។
នៅក្នុងគ្រោះថ្នាក់នេះ មានមនុស្សចំនួន ៤ នាក់រងរបួស ដោយបុរសម្នាក់ក្នុងចំណោមនោះ ទទួលរងរបួសរលាកស្បែកធ្ងន់ធ្ងរ ចំណែកឯជនរងគ្រោះប៉ុន្មាននាក់ទៀត រងនូវការថប់ដង្ហើមដោយសារតែស្រូបផ្សែងច្រើនខ្លាំងពេក ហើយពួកគេទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរនោះភ្លាមៗ ។
ការសន្និដ្ឋានបឋម ដោយផ្អែកតាមការចុះពិនិត្យផ្ទាល់ពីសំណាក់មន្ត្រីជាន់ខ្ពស់ប្រចាំតំបន់ បង្ហាញថា ហេតុការណ៍នេះ អាចបង្កឡើងដោយសារតែការឆ្លងចរន្តអគ្គិសនីនៅផ្នែកខាងលើដំបូល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Khaosod English/ The Nation Thailand