ព័ត៌មានជាតិ

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ស្វែងរកឱកាសចាប់ដៃគូលើវិស័យសុខាភិបាល អំឡុងពេលជំនួបផ្គូផ្គងអាជីវកម្ម នៃពិព័រណ៍សុខាភិបាល និងឱសថអាស៊ីអាគ្នេយ៍ SEACare 2026

image

ម៉ាឡេស៊ី៖ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឧកញ៉ា សាស្ត្រាចារ្យ វេជ្ជបណ្ឌិត តាន់ គឹមមេង សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីជំនួបផ្គូផ្គងអាជីវកម្ម (Business Matching Session) ជាមួយក្រុមហ៊ុន និងស្ថាប័នអន្តរជាតិជាច្រើន ក្នុងឱកាសពិព័រណ៍សុខាភិបាល និងឱសថអាស៊ីអាគ្នេយ៍ (SEACare 2026) ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កម្មវិធីនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ ពង្រីកបណ្តាញពាណិជ្ជកម្ម និងស្វែងរកឱកាសវិនិយោគថ្មីៗលើវិស័យសុខាភិបាល និងឱសថរវាងកម្ពុជា និងដៃគូអន្តរជាតិ។  

ក្នុងអំឡុងពេលជំនួបផ្គូផ្គងអាជីវកម្មនេះ គណៈប្រតិភូកម្ពុជា បានពិភាក្សាជាមួយក្រុមហ៊ុនឯកជន មន្ទីរពេទ្យ ស្ថាប័នផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រ ក្រុមហ៊ុនឱសថ និងអ្នកផ្តល់សេវាបច្ចេកវិទ្យាសុខាភិបាល ពីបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ ដើម្បីស្វែងយល់អំពីសក្តានុពលទីផ្សារ ការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសេវាសុខាភិបាលនៅកម្ពុជា។ ភាគីទាំងអស់ក៏បានបង្ហាញការចាប់អារម្មណ៍លើការបង្កើតភាពជាដៃគូរយៈពេលវែង និងការពង្រីកសកម្មភាពអាជីវកម្មក្នុងទីផ្សារកម្ពុជា ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័សលើវិស័យសុខាភិបាលឯកជន។

SEACare 2026 ត្រូវបានចាត់ទុកថា ជាវេទិកាឈានមុខមួយសម្រាប់វិស័យសុខាភិបាល និងឱសថនៅអាស៊ីអាគ្នេយ៍ ដោយប្រមូលផ្តុំក្រុមហ៊ុន អ្នកជំនាញ វិនិយោគិន និងអ្នកកំណត់គោលនយោបាយពីជុំវិញពិភពលោក។ ពិព័រណ៍ឆ្នាំនេះ មានស្តង់តាំងបង្ហាញជាង ៥០០ និងទាក់ទាញអ្នកចូលរួមជាង ១៥,០០០នាក់ ខណៈមានការរៀបចំសន្និសីទ និងកម្មវិធីជំនួបអាជីវកម្មជាច្រើន ដើម្បីជំរុញនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសុខាភិបាល និងឱសថក្នុងតំបន់៕