ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យក្រសួងការបរទេស៖ ចិនសម្រេចបាននូវកិច្ចព្រមព្រៀងជាង ៤០ ចំណុច ក្រោយលោក ពុទីន បញ្ចប់ទស្សនកិច្ចនៅប៉េកាំង

image

ចិន៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គួ ជៀគុន (Guo Jiakun) បានប្រកាសពីជោគជ័យដ៏ធំធេងនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពុទីន នៅទីក្រុងប៉េកាំង ដោយមេដឹកនាំនៃមហាអំណាចទាំងពីរ បានឈានទៅដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរួមគ្នាចំនួនជាង ៤០ ចំណុចលើវិស័យពាណិជ្ជកម្ម អប់រំ និងវិទ្យាសាស្ត្រ ។

 

នៅក្នុងរបៀបវារៈសេដ្ឋកិច្ច ភាគីទាំងពីរបានសម្រេចលើកយកគម្រោងសាងសង់បំពង់បង្ហូរឧស្ម័នធម្មជាតិ ផៅវ័រ អហ្វ ស៊ីប៊ើរី ២ (Power of Siberia 2) ដែលធ្លាប់ជាប់គាំងជាយូរមកហើយនោះ មកជជែកពិភាក្សាឡើងវិញ ដើម្បីពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្រថាមពលឱ្យកាន់តែរឹងមាំ និងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក ។

 

ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំងក៏បានបង្ហាញពីជំហរការទូតដ៏ជិតស្និទ្ធជាមួយកូរ៉េខាងជើង តាមរយៈការលើកសរសើរពីមិត្តភាពបែបសង្គមនិយមយូរអង្វែង ទោះបីជាមិនទាន់ទម្លាយព័ត៌មានលម្អិតជុំវិញពាក្យចចាមអារ៉ាមស្តីពីគម្រោងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ទៅកាន់ទីក្រុងព្យុងយ៉ាងនាពេលខាងមុខក្តី ។

 

ដោយឡែក ជុំវិញបញ្ហាកោះតៃវ៉ាន់ ភាគីចិនបានចេញមុខប្រកាសប្រឆាំងដាច់ខាត និងព្រមានធ្ងន់ៗទៅកាន់ភាគីអាម៉េរិក ចំពោះផែនការលក់អាវុធឱ្យតៃវ៉ាន់ ដោយចិនជំរុញឱ្យអាម៉េរិកបញ្ឈប់ការផ្ដល់សញ្ញាគាំទ្រដល់ក្រុមទាមទារឯករាជ្យភាព ដើម្បីជៀសវាងការធ្លាក់ចូលក្នុងសង្គ្រាមប៉ះទង្គិចគ្នាដោយយោធារវាងភាគីទាំងពីរ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ VIORY/ Xinhua