ព័ត៌មានអន្តរជាតិ

លោកត្រាំ ទាត់ចោលគំនិតនៃការចរចារវាងអ៊ីរ៉ង់ និងអូម៉ង់ ដែលចង់បង្កើតប្រព័ន្ធទារលុយពន្ធនៅឯច្រកសមុទ្រ Hormuz

image

សហរដ្ឋអាម៉េរិក៖ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់ៗថា លោកកំពុងបន្តតាមដានយ៉ាងដិតដល់ចំពោះព័ត៌មានលេចឮស្តីពីការចរចារវាងប្រទេសអ៊ីរ៉ង់ និងអូម៉ង់ ក្នុងគោលបំណងចង់បង្កើតប្រព័ន្ធទារលុយពន្ធផ្លូវកាត់តាមច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស (Hormuz) ។

 

មេដឹកនាំអាម៉េរិករូបនេះ បានប្រកាសទាត់ចោលទាំងស្រុងនូវគំនិតចង់ទារលុយថ្លៃឆ្លងកាត់នោះ ដោយលោកសង្កត់ធ្ងន់ថា ច្រកសមុទ្រ Hormuz គឺជាច្រកទឹកអន្តរជាតិសេរី គ្មាននរណាម្នាក់មានសិទ្ធិមកបង្កើតប៉ុស្តិ៍ទារលុយពីកប៉ាល់ដឹកជញ្ជូនទំនិញ ឬប្រេងបាននោះឡើយ ។

 

ជាមួយគ្នានេះ លោក ត្រាំ បានរំឭកអំពីអំណាចយោធារបស់អាម៉េរិក ដោយអះអាងថា កងទ័ពជើងទឹកអាម៉េរិកកំពុងតែគ្រប់គ្រងយ៉ាងពេញលេញលើច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះ តាមរយៈការដាក់ពង្រាយកប៉ាល់ចម្បាំងបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ ដើម្បីការពារផលប្រយោជន៍សេរីភាពនាវាចរណ៍ ។

 

គួររំឭកថា ទោះបីជាមានបទឈប់បាញ់កាលពីខែមេសាក្រោមការសម្របសម្រួលពីប៉ាគីស្ថានក្តី ប៉ុន្តែភាពតានតឹងយោធានៅតែបន្តឡើងកម្ដៅ ដោយលោក ត្រាំ បានថ្លែងសារគំរាមប្រើធម៌ក្តៅយោធាលើទីក្រុងតេហ៍រ៉ង់ នៅក្នុងកំឡុងដែលលោក ត្រាំ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសគោលនយោបាយថ្មីរបស់ទីភ្នាក់ងារការពារបរិស្ថានអាម៉េរិក ជុំវិញការសម្រេចបន្ធូរបន្ថយច្បាប់រឹតបន្តឹងលើការបំភាយឧស្ម័នផ្ទះកញ្ចក់ចេញពីទូទឹកកក និងម៉ាស៊ីនត្រជាក់ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ The White House via VIORY/ REUTERS