ព័ត៌មានអន្តរជាតិ

ទីក្រុងវ៉ាស៊ីនតោន ប្រកាសផ្អាកជាបណ្តោះអាសន្ននូវរាល់ការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ក្រោមហេតុផលដើម្បីរក្សាទុកគ្រាប់រំសេវឱ្យបានគ្រប់គ្រាន់សម្រាប់កងទ័ពអាម៉េរិក

image


 
សហរដ្ឋអាម៉េរិក៖ មន្ត្រីជាន់ខ្ពស់នៃកងទ័ពជើងទឹកអាម៉េរិក បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន បានប្រកាសផ្អាកជាបណ្តោះអាសន្ននូវរាល់ការលក់អាវុធ និងគ្រឿងយុទ្ធភណ្ឌចម្បាំងទៅឱ្យកោះតៃវ៉ាន់ ក្រោមហេតុផលដើម្បីរក្សាទុកគ្រាប់រំសេវឱ្យបានគ្រប់គ្រាន់សម្រាប់កងទ័ពអាម៉េរិក ក្នុងការត្រៀមបើកប្រតិបត្តិការសង្គ្រាមប្រឆាំងប្រទេសអ៊ីរ៉ង់ ។
 
ការទម្លាយព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់នៃកងទ័ពជើងទឹកអាម៉េរិក លោក ហុង កាវ នៅក្នុងកំឡុងពេលឆ្លើយបំភ្លឺក្នុងសវនាការរបស់សភាជាតិ ជុំវិញមូលហេតុដែលនាំឱ្យរាំងស្ទះកិច្ចព្រមព្រៀងទិញអាវុធតម្លៃ ១៤,០០០ លានដុល្លាររបស់តៃវ៉ាន់ ។
 
មន្ត្រីជាន់ខ្ពស់រូបនេះ បានពន្យល់ថា ទោះបីជាបច្ចុប្បន្នអាម៉េរិកមានគ្រាប់រំសេវច្រើននៅក្នុងឃ្លាំងក្តី ប៉ុន្តែដើម្បីធានាសុវត្ថិភាពខ្ពស់បំផុត និងកុំឱ្យខ្វះខាតគ្រាប់ចម្បាំង នៅក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ទើបអាម៉េរិកដាច់ចិត្តផ្អាកការលក់អាវុធឱ្យតៃវ៉ាន់ជាបណ្តោះអាសន្នសិន ។
 
ជុំវិញការប្រកាសដ៏ក្តៅគគុកនេះ ភាគីតៃវ៉ាន់ បានចេញមុខមកបកស្រាយភ្លាមៗនៅថ្ងៃសុក្រនេះថា ខ្លួនមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយនៅឡើយទេ ដែលបញ្ជាក់ថាអាម៉េរិកនឹងកែប្រែ ឬលុបចោលកិច្ចព្រមព្រៀងលក់អាវុធនេះ ។
 
ទោះជាយ៉ាងណាក្ដី ជំហររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់តៃវ៉ាន់ ព្រោះលោកមិនទាន់បានចុះហត្ថលេខាពេញលេញលើការលក់អាវុធនេះទេ ថែមទាំងបានយកបញ្ហាតៃវ៉ាន់ទៅជជែកជាមួយមេដឹកនាំចិន លោក ស៊ី ជិនពីង ទៀតផង ។
 
កាលពីដំណើរទស្សនកិច្ចនៅប៉េកាំង លោក ដូណាល់ ត្រាំ បានធ្វេីការបញ្ជាក់ដោយការពារខ្លួនថា លោកនឹងធ្វើការវាយតម្លៃ រួចសម្រេចចិត្តចុងក្រោយជុំវិញការបញ្ចេញអាវុធឱ្យតៃវ៉ាន់ នៅក្នុងកំឡុងពេលដ៏ខ្លីខាងមុខនេះ ។
ផ្អែកតាមច្បាប់ផ្ទៃក្នុង សហរដ្ឋអាម៉េរិកមានកាតព្វកិច្ចត្រូវតែផ្គត់ផ្គង់អាវុធការពារខ្លួនឱ្យទៅកោះតៃវ៉ាន់ បើទោះជាខាងផ្លូវការទូត ទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់តែរដ្ឋាភិបាលទីក្រុងប៉េកាំងក៏ដោយ។ ការប្រកាសផ្អាកលក់អាវុធនេះ ធ្វើឡើងចំពេលដែលចិនកំពុងតែបង្កើនការគំរាមកំហែងយោធាយ៉ាងខ្លាំង ដើម្បីត្រៀមវាយលុកយកកោះនេះមកវិញដោយកម្លាំងបាយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP via CNA | រូបភាព៖ (Reuters/Ann Wang)/ CQ-Roll Call, Inc via Getty Images/ Reuters