សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបន្ទាន់ដោយត្រៀមកម្លាំង មធ្យោបាយ សម្ភារៈចាំបាច់នានា ដើម្បីជួយពលរដ្ឋក្នុងករណីចាំបាច់
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តតាមដានឱ្យដិតដល់ ជាមួយគណៈអភិបាលរាជធានី ខេត្ត ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ក្នុងករណីមានគ្រោះទឹកជំនន់ ក៏ដូចជា ការចាត់វិធានការបន្ទាន់ដោយត្រៀមកម្លាំង មធ្យោបាយ សម្ភារៈចាំបាច់នានា ដើម្បីធ្វើអន្តរាគមន៍សង្គ្រោះទាន់ ពេលតាមការចាំបាច់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ នាព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦នេះ។
សម្តេចបវរធិបតី ក៏បានណែនាំក្រសួងធនធានទឹកនិងឧតុនិយម ត្រូវតាមដានជាប់ជាប្រចាំអំពីការព្យាករណ៍អាកាសធាតុ ជាពិសេសការវិវត្តនៃកម្ពស់ទឹក និងត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលរាជធានី ខេត្ត ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ខណៈដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមស្បៀងនិងសម្ភារៈចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ ដែលបង្កឱ្យមានការខូចខាតដល់ដំណាំរបស់ប្រជាពលរដ្ឋ ដែលចាំបាច់ត្រូវ ជួយស្តារឡើងវិញ។
សម្តេចធិបតី ក៏បានណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិត ត្រូវបង្កើនភាពសកម្ម ក្នុងការចុះជួបប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រជាកសិករ និងត្រៀមលក្ខណៈក្នុងការជួយពួកគាត់នៅពេល ដែលមានគ្រោះមហន្តរាយ៕
អត្ថបទ៖ ហ៊ន សុភ័ក្រ