សង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំ ក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការ និងទប់ស្កាត់ នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា

image


សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ ក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះ ឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ នាព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦នេះ។

សម្តេចបវរធិបតី ក៏បានណែនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវសហការជាមួយក្រសួងសុខាភិបាល ក្នុងការបន្តពង្រឹងវិធានការតាមដាននិងផ្សព្វផ្សាយការយល់ដឹងដល់ប្រជាពលរដ្ឋ និងត្រូវធានាថាគ្រប់យន្តការបង្ការ និងការឆ្លើយតបត្រូវបានត្រៀមលក្ខណៈរួចជាស្រេច ទោះបីជារហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញនូវ ករណីជំងឺទាំងនេះក៏ដោយ។
សម្តេចធិបតី បានលើកឡើងថា "ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តអប់រំ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាផ្សព្វផ្សាយវីដេអូអប់រំ ដើម្បីឱ្យបងប្អូនយល់ដឹងអំពីសារសំខាន់នៃការចូលរួមសហការ ដូចជាការផ្តល់ អាទិភាពដល់រថយន្តសង្គ្រោះបន្ទាន់ និងការចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដែលនេះគឺជាការចូលរួម ទទួលខុសត្រូវក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ"៕

អត្ថបទ៖ ហ៊ន សុភ័ក្រ