សត្វក្រពើភ្នំ ១០ក្បាល ត្រូវបានលែងចូលក្នុងជម្រកធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ក្នុងខេត្កមណ្ឌលគិរី
មណ្ឌលគិរី៖ សត្វក្រពើភ្នំចំនួន ១០ក្បាល (ញី៩ក្បាល ឈ្មោល១ក្បាល) ត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក ក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាកន្លែងជម្រកធម្មជាតិធ្លាប់មានវត្តមានរស់នៅសត្វក្រពើភ្នំនាពេលកន្លងទៅ ដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំឱ្យមានការកើនចំនួនឡើងច្រើនថែមទៀត។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីលែងក្រពើភ្នំជាប្រវត្តិសាស្រ្តនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៦ បានលើកឡើងថា កិច្ចការអភិរក្សសត្វក្រពើភ្នំ ដែលជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក កន្លងទៅបានផ្តល់លទ្ធផលជាទីមោទនៈ ដោយបានបង្កើនពូជពង្សក្រពើភ្នំរស់នៅក្នុងប្រទេសកម្ពុជា និងពិធីលែងក្រពើភ្នំក្នុងតំបន់ការពារធម្មជាតិនាពេលនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកអភិរក្ស ដៃគូសហការជាតិ និងអន្តរជាតិ រួមនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីបង្កើនចំនួនសត្វក្រពើភ្នំក្នុងតំបន់ការពារធម្មជាតិ។
លោក ខ្វៃ អាទិត្យា បានបន្ថែមថា ការជ្រើសរើសទីតាំទន្លេស្រែពកលែងសត្វក្រពេីភ្នំនេះ ដោយផ្អែកលើទាំងភាពសមស្របផ្នែកអេកូឡូស៊ី និងសារៈសំខាន់យុទ្ធសាស្ត្រ នៅក្នុងតំបន់ការពាររបស់ប្រទេសកម្ពុជា។ ការវាយតម្លៃវិទ្យាសាស្ត្របានបញ្ជាក់ថា តំបន់នេះនៅតែមានលក្ខខណ្ឌជម្រកសមស្រប រួមមាន ប្រព័ន្ធទឹកអចិន្ត្រៃយ៍ ព្រៃជាប់មាត់ទន្លេនៅស្ថានភាពល្អ និងធនធានអាហារគ្រប់គ្រាន់។ សំខាន់ជាងនេះ ការបញ្ជាក់អំពីការបន្តពូជ ដែលបង្ហាញថាក្រពើភ្នំនៅតែអាចរស់រាន និងបន្តពូជបាននៅក្នុងតំបន់នេះ។ តាមរយៈកិច្ចការទាំងនេះបានផ្តល់មូលដ្ឋានវិទ្យាសាស្ត្រដ៏រឹងមាំសម្រាប់ការស្តារឡើងវិញ និងបញ្ជាក់ពីភាពចាំបាច់នៃការអន្តរាគមន៍ ដើម្បីពង្រឹង និងស្តារចំនួនរបស់វា។
ជាមួយគ្នានេះ លោក Dipankar Chyau Patnaik នាយកអង្គការ WWF-កម្ពុជា បានថ្លែងថា «ការលែងសត្វក្រពើភ្នំចូលទៅក្នុងទីជម្រកធម្មជាតិឡើងវិញនេះ បង្ហាញពីការប្តេជ្ញាចិត្តបង្កើនចំនួនសត្វក្រពើភ្នំនៅទន្លេស្រែពក ដើម្បីធានាការរស់រានមានជីវិតរបសវា និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវៈចម្រុះ និងសហគមន៍ដែលពឹងផ្អែកលើធនធានធម្មជាតិទាំងនេះផងដែរ»។
អាជ្ញាធរមូលដ្ឋាន រួមទាំងសហគមន៍ និងជនជាតិដើមភាគតិច មានការយល់ស្រប គាំទ្រ និងចូលរួមយ៉ាងសកម្ម នៅក្នុងយុទ្ធនាការលែងក្រពើភ្នំពូជសុទ្ធចូលទៅក្នុងទន្លេស្រែពក។
លោក ងិន សុវិមាន អភិបាលខេត្តមណ្ឌលគីរី បានឱ្យដឹងដែរថារដ្ឋបាលខេត្តគាំយ៉ាងពេញទំហឹងនូវការលែងក្រពើភ្នំទាំងនេះទៅក្នុងទន្លេស្រែពក និងបន្តសហការចូលរួមការពារនិងអភិរក្សជីវៈចម្រុះឱ្យល្អសម្រាប់និរន្តរភាពបរិស្ថាន។
សូមបញ្ជាក់ថា ដោយមានការសហការរវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) អង្គការWWF សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរបរិស្ថានខេត្ត សត្វក្រពើភ្នំ ដែលជាប្រភេទជិតផុតពូជបំផុតចំនួន ១០ក្បាល ក្នុងនោះក្រពើញីមានចំនួន៩ក្បាល ត្រូវបាននាំយកពីតំបន់ការពារសត្វភ្នំតាម៉ៅ មកលែងចូលទៅក្នុងទន្លេស្រែពក ខេត្តមណ្ឌលគិរី ដើម្បីធ្វើការការពារ និងអភិរក្សឱ្យបានល្អក្នុងធម្មជាតិ។
សម្រាប់អ្នកស្រុកជុំវិញទន្លេស្រែពក ក្រពើភ្នំត្រូវបានគេចាត់ទុកជាសត្វស្លូតបូត មិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។ ពួកវាថែមទាំងជាសត្វតំណាងឱ្យភាពស័ក្តិសិទ្ធិ ឬអ្នកថែរក្សាប្រភពទឹកទៀតផង។ កម្ពុជាដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ក្បាលប៉ុណ្ណោះ៕