លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នឹងដឹកនាំ យុវជនធ្វើយុទ្ធនាការ «ដាស់ស្មារតីជាតិ» នាថ្ងៃទី២៨ឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងដឹនាំយុទ្ធនាការ «ដាស់ស្មារតីជាតិ» នៅល្ងាចថ្ងៃទី២៨ ខែឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
យុទ្ធនាការ «ដាស់ស្មារតីជាតិ» គឺជាយុទ្ធនាការថ្នាក់ជាតិមួយដែលត្រូវបានរៀប ចំឡើងក្នុងគោលបំណងចងក្រង និងផ្សព្វផ្សាយជាសាធារណៈ ដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់ដឹងជ្រាលជ្រៅ និងចងចាំទុកជាប្រវត្តិសាស្ត្រ នូវបទពិសោធ និងព្រឹត្តិការណ៍ពិតដែលជាមេរៀនដ៏ជូរចត់ដែលប្រទេសកម្ពុជា បានឆ្លងកាត់ក្នុងឆ្នាំ២០២៥។
ព្រឹត្តិការណ៍នេះក៏បានក្លាយជាចំណុចចាប់ផ្តើមសំខាន់មួយ ក្នុងការបំផុសនិងដាស់ស្មារតីស្នេហាជាតិពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប ដោយរួមចំណែកក្នុងការប្រមូលផ្ដុំស្មារតីសាមគ្គីភាពឱ្យក្លាយជាកម្លាំងចលករផ្លូវចិត្ត និងជាការដាស់តឿន ដើម្បីពង្រឹងភាពធន់របស់ជាតិ។
កម្មវិធី «ដាស់ស្មារតីជាតិ» នេះ មានគោលបំណងដើម្បីជំរុញការចងចាំ ផ្សារភ្ជាប់ជាមួយការឈឺចាប់ ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជន ដើម្បីពង្រឹងសមត្ថភាព របស់ខ្លួន និងសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរឹងមាំ។
បញ្ចៀសការបញ្ឆេះគំនុំ ការសងសឹក ទស្សនៈជ្រុលនិយម ចង្អៀតចង្អល់ ដោយមិនបំភ្លេចការឈឺចាប់ដែលបានកើតឡើង។
បង្ហាញឱ្យឃើញថា ទៅស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយកម្ពុជានៅតែតស៊ូជម្នះ នូវបញ្ហាជាមួយស្មារតីរួបរួម ជាមួយគ្នាក្នុងគ្រាលំបាក ដែលមិនអាចបំបែកបំបាក់បាន។ បង្កើតជាវេទិកា ជំរុញជាចលនា ផ្សារ ភ្ជាប់ជាមួយដៃគូរ ឱ្យមានភាពជាម្ចាស់ ការក្នុងការផ្សព្វផ្សាយ និងជំរុញសកម្មភាពបន្ត។
ពង្រឹងស្មារតី និងត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការប្រឈមរាល់ការគំរាមកំហែង ហានិភ័យ ដែលអាចនឹងកើតមានឡើងនាថ្ងៃអនាគត។
នៅក្នុងកម្មវិធីនេះ នឹងមានដាក់តាំងបង្ហាញផ្ទាំងគំនូរដែលលាតត្រដាងនូវការពិតដែលកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ (Truth Park) និងទីតាំងគោរពវិញ្ញាណក្ខន្ធដល់កងកម្លាំងដែលបានពលី ការតាំងបង្ហាញពីសំណល់សង្គ្រាមដូចជា ឯកសណ្ឋានរបស់កង កម្លាំងដែលបានពលី, ទង់ជាតិកម្ពុជាដែលត្រូវបានកម្ទេចដោយយោធាថៃ, បំណែកផ្ទះប្រជាពលរដ្ឋដែលបានបែកបាក់ និងខូចខាតដោយសារសង្គ្រាម។ អនុញ្ញាតឱ្យអ្នកចូលរួមបានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការឆ្ពោះទៅមុខជាប្រជាជាតិតែមួយ ការដង្ហែទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វីដេអូនានា រួមទាំងការសម្ដែងទស្សនីយភាពដែលរំលេចពីអត្តសញ្ញាណ និងមោទនភាពជាតិផងដែរ។
សូមបញ្ជាក់ថា លោក សុខ សប្បាយណា តំណាងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក កាលពីថ្ងៃទី២២ ខែឧសភា បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក ធ្វើពិធីសាសនាសែនក្រុងពិលី ដើម្បីរៀបចំ យុទ្ធនាការ «ដាស់ ស្មារតីជាតិ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
អត្ថបទ៖ វង សុភ័ក្ត្រ