UPDATED: ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មកររោងចក្រដ៏រន្ធត់នៅក្រុងស្វាយរៀងព្រឹកមិញ មានស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល៣៧នាក់
ស្វាយរៀង៖ យ៉ាងហោចណាស់កម្មករកម្មការនីរោងចក្រ៥នាក់បានស្លាប់និង៣០នាក់ជាងរងរបួសធ្ងន់ស្រាល កំពុងតែសង្គ្រោះនិងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹកដោយរថយន្តកូរ៉េដឹកកម្មករកម្មការិនីរោងចក្រគេចពីរថយន្តប្រភេទទេសចរណ៍ ដែលជួបគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូនៅខាងមុខបណ្ដាលឱ្យរថយន្តដឹកកម្មករកម្មការិនីរោងចក្រក្រឡាប់ចាក់មនុស្សលើរថយន្តរណូករណែលពេញផ្លូវស្លាប់៥នាក់របួសធ្ងន់៦នាក់ស្រាល៣១នាក់។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២៦នាទីព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៦លើកំណាត់ផ្លូវជាតិលេខ១ គីឡូម៉ែត្រ១២៦និង១២៧ ស្ថិតនៅក្នុងភូមិ បាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចក្រុងស្វាយរៀងបានឱ្យដឹងថា៖នៅមុនពេលកើតហេតុមានរថយន្តកូរ៉េដឹកកម្មករកម្មការិនីរោងចក្រជាង៤០នាក់ធ្វើដំណើរពីទិសខាងលិចទៅកើតគោលដៅទៅធ្វើការរោងចក្រ។
ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់មានរថយន្តប្រភេទទេសចរណ៍មួយគ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍នៅខាងមុខបណ្តាលឱ្យរថយន្តដឹកកម្មករកម្មការិនីរោងចក្រក្រឡាប់ចាក់មនុស្សចេញនិងសង្កត់មានអ្នកស្លាប់៥នាក់និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ផងដែររហូតមកដល់វេលាម៉ោង៩ព្រឹកនេះសរុបមានកម្មការស្លាប់ចំនួន៥នាក់(ស្រី២នាក់) ធ្ងន់៦នាក់ (ស្រី២នាក់)និងស្រាល ៣១នាក់(ស្រី២០នាក់)។
សមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយកើតហេតុសមត្ថកិច្ច កងរាជអាវុធហត្ថនិងនគរបាល បានមកអន្តរាគមន៍ ប្រញាប់ប្រញាល់ ជួយសង្គ្រោះ ដឹកអ្នករងរបួស មកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
ប្រភពដដែលបន្តថា ចំពោះសពកម្មករកម្មការិនី សមត្ថកិច្ចដឹកយកមករក្សាទុកនៅមន្ទីរពេទ្យខេត្តស្វាយរៀង ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារ មូលហេតុ រថយន្តកូរ៉េដឹកកម្មករកម្មការិនីរោងចក្រ គេចពី រថយន្ត ប្រភេទទេសចរណ៍បណ្ដាលឱ្យក្រឡាប់តែម្ដង៕
អត្ថបទ៖ មិន ភក្តី