អាវុធហត្ថបញ្ជាក់ថា ការអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលើជនសង្ស័យ២នាក់ នៅបុរី ជីបម៉ុង 60M ពាក់ព័ន្ធករណីហិង្សា និងលួច គឺមានភាពស្របច្បាប់
ភ្នំពេញ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ជុំវិញករណីមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ អនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលើជនសង្ស័យ២នាក់ ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនា និងលួចមានស្ថានទម្ងន់ទោស ដោយអះអាងថា ការអនុវត្តនេះធ្វើឡើងស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
តាមសេចក្តីប្រកាស កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌដង្កោ បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ១៨៥ អ.យ.ក និងលេខ១៨៦ អ.យ.ក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១២ថ្ងៃត្រង់។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅបុរី Chip Mong 60M ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន ឈ្មោះ ម៉ែន សុភាព ភេទស្រី អាយុ៣៥ឆ្នាំ និងឈ្មោះ លី ហួរ ភេទស្រី អាយុ២៥ឆ្នាំ។
អាវុធហត្ថបានបញ្ជាក់ថា ក្នុងពេលអនុវត្តដីកា ជនសង្ស័យទាំងពីរ មិនបានសហការជាមួយសមត្ថកិច្ចឡើយ ហើយថែមទាំងបានថតវីដេអូ និងប្រើពាក្យសម្តីចោទប្រកាន់មកលើសមត្ថកិច្ចថា អនុវត្តការងារខុសច្បាប់ និងទទួលលុយពីភាគីផ្សេង។
បើតាមអង្គហេតុ ករណីនេះកើតចេញពីបណ្តឹងរបស់នារីម្នាក់ឈ្មោះ ឆែម ម៉េងហួង ដែលបានប្តឹងជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធបទល្មើស «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» និង «លួចមានស្ថានទម្ងន់ទោសដោយសារប្រើហិង្សា»។
ជនរងគ្រោះបានអះអាងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ក្នុងកម្មវិធីសង្ក្រាន្តមួយ នៅបុរីពិភពថ្មី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ នាងត្រូវបានជនសង្ស័យព្រួតគ្នាវាយដំ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានលួចយកក្រវិលពេជ្រមួយគ្រាប់ តម្លៃប្រមាណ២៧,០០០ដុល្លារ មុនពេលជនសង្ស័យគេចខ្លួនចេញពីកន្លែងកើតហេតុ។
បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធ សូមតាមដានព័ត៌មានដោយផ្អែកលើប្រភពផ្លូវការ ខណៈភាគីដែលយល់ថា មានការអនុវត្តខុសច្បាប់ អាចដាក់ពាក្យប្តឹងតវ៉ាតាមនីតិវិធីច្បាប់បាន។