ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិត ដែលទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ឆ្នាំង

image

កំពង់ឆ្នាំង៖ លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ឱ្យថ្នាក់ដឹកនាំក្រសួង រួមជាមួយថ្នាក់ដឹកនាំបេឡាជាតិសន្តិសុខសង្គម មន្ទីរការងារខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការក្រោមឱវាទ ចុះសួរសុខទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិត ដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចសាលាបឋមសិក្សាសាលាលេខ ៥ ស្ថិតក្នុងភូមិសាលាលេខ ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសដ៏សោកសង្រេងនេះ តំណាងថ្នាក់ដឹកនាំក្រសួង បានពាំនាំនូវការចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះក្រុមគ្រួសារ និងញាតិមិត្តនៃសព ព្រមទាំងបានសម្តែងនូវការសោកស្តាយជាពន់ពេក និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តវ៉េអង បុករះជាមួយរថយន្តដឹកកម្មកររោងចក្រ បណ្តាលឲ្យមនុស្សប្រុស-ស្រី ជាច្រើនបានស្លាប់ និងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ នៅត្រង់ចំណុចមុខសាលាបឋមសិក្សាសាលាលេខប្រាំ ស្ថិតក្នុងភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ប្រភពនៅកន្លែងកើតហេតុឲ្យដឹងថា នៅពេលដែលរថយន្តដឹកកម្មករជាច្រើនគ្រឿងកំពុង មមាញឹក ដឹកកម្មករ សំដៅទៅតាមបណ្ដារោងចក្រ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក វេអង មិនស្គាល់អត្តសញ្ញាណអ្នកបើក ក្នុងដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន បានបុករថយន្តដឹកកម្មករដែលឈប់ត្រៀមបត់ឆ្វេងមួយទំហឹង និងបន្តបុករថយន្តដឹកកម្មករមួយគ្រឿងទៀត បណ្តាលអោយមានមនុស្សជាច្រើននាក់បានស្លាប់ និងរបួស។

លោក វង ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៧នាក់ (ស្រី៦នាក់), ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ១នាក់ (ស្រី) និងស្លាប់នៅតាមផ្លូវម្នាក់, ចំណែកអ្នករបួសធ្ងន់ស្រាលមានចំនួន៤៤នាក់៕