ថ្នាក់ដឹកនាំ ប.ស.ស. ចុះអន្តរាគមន៍សង្គ្រោះ និងពិនិត្យស្ថានភាពផ្ទាល់កម្មករនិយោជិត ៣៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះ ថ្នាក់ដឹកនាំនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅពិនិត្យស្ថានភាពផ្ទាល់ ព្រមទាំងសម្របសម្រួលការសង្គ្រោះបន្ទាន់ដល់កម្មករនិយោជិត ដែលបានរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្តាលឱ្យកម្មករនិយោជិតចំនួន ៣៥នាក់ រងរបួស។
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ លោក ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងលោក មាន ណាវិមន្ត ប្រធាននាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល នៃ ប.ស.ស. បានដឹកនាំក្រុមការងារចុះទៅសួរសុខទុក្ខជនរងគ្រោះផ្ទាល់ និងបានធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈគ្រូពេទ្យ ដើម្បីធានាដល់ការសង្គ្រោះអាយុជីវិតបងប្អូនកម្មករនិយោជិត ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងមន្ទីរសម្រាកព្យាបាលនានា រួមមាន៖ មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច, មន្ទីរសម្រាកព្យាបាល តែ វណ្ណា និងមន្ទីរសម្រាកព្យាបាល សាលាលេខប្រាំ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកអគ្គនាយករង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីខ្វល់ខ្វាយ និងការសោកស្តាយយ៉ាងពន់ពេកពីសំណាក់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនចំពោះកម្មករនិយោជិត និងក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ ប.ស.ស. ក៏បានជូនពរដល់កម្មករនិយោជិតទាំងអស់ សូមឱ្យឆាប់បានជាសះស្បើយពីរបួសស្នាម និងមានសុខភាពល្អបរិបូរណ៍ឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។
បច្ចុប្បន្ន ក្រុមការងារជំនាញរបស់ ប.ស.ស. កំពុងបន្តតាមដានការវិវត្តនៃស្ថានភាពជំងឺដោយយកចិត្តទុកដាក់បំផុត ទាំងបងប្អូនកម្មករនិយោជិតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ក៏ដូចជាជនរងគ្រោះដែលត្រូវបានបញ្ជូនបន្តមកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដើម្បីធានាថា ជនរងគ្រោះ ទទួលបានសេវាថែទាំវេជ្ជសាស្ត្រល្អប្រសើរ និងទាន់ពេលវេលាស្របតាមគោលការណ៍របបសន្តិសុខសង្គម៕