សង្គម

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងអាជ្ញាធររាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពាលី សុំសេចក្តីសុខចំរុងចម្រើនសម្រាប់កម្មវិធីរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃស្អែក

image


ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំធ្វើពិធីក្រុងពាលីបែបសាសនា តាមប្រពៃណីទំនៀមទំលាប់ខ្មែរ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សមាជិកក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ពិធីនេះ ក៏មានការចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងលោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ពិធីក្រុងពាលីតាមបែបសាសនានេះ ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចម្រើន ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យក្នុងកម្មវិធីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នាមជ្ឈមណ្ឌលកោះពេជ្រ ក្នុងខណ្ឌចំការមនរាជធានីភ្នំពេញ៕