ទឹកជំនន់បង្កដោយភ្លៀងធ្លាក់ជោកជាំ កំពុងវាយប្រហារភាគខាងត្បូងប្រទេសចិន
ចិន៖ ភ្លៀងធ្លាក់ជោកជាំកំពុងវាយប្រហារភាគខាងត្បូងប្រទេសចិន ដោយបង្កជាទឹកជំនន់ជន់លិចក្រុងយ៉ាងជាំង (Yangjiang) ទាំងស្រុង និងធ្វើឱ្យទឹកទន្លេម៉ូយ៉ាង (Moyang) កើនឡើងហួសពីកម្រិតប្រកាសអាសន្ន ។
តាមរយៈវីដេអូកាលពីថ្ងៃអាទិត្យ បានបង្ហាញឱ្យឃើញពីទិដ្ឋភាពនៅក្នុងទីក្រុងរងគ្រោះ ហាក់បានប្រែក្លាយទៅជាបណ្ដាញព្រែកជីក ខណៈផ្លូវថ្នល់ និងផ្ទះសម្បែងត្រូវលិចលង់ដោយទឹកជំនន់ ដែលធ្វើឱ្យប្រជាពលរដ្ឋគ្មានជម្រើសអ្វីក្រៅពីការប្រើប្រាស់ទូកឬពោង ដើម្បីធ្វើដំណើរជាបណ្ដោះអាសន្ន ។
ស្ថានភាពកាន់តែដុនដាបខ្លាំង ក្រោយកម្រិតទឹកភ្លៀងហក់ឡើងខ្ពស់ខុសពីធម្មតា ដោយបង្ខំឱ្យអាជ្ញាធរចិន សម្រេចចិត្តដំឡើងកម្រិតសង្គ្រោះបន្ទាន់ដល់កម្រិតទី៣ ភ្លាមៗ ដើម្បីប្រមូលកម្លាំងជំនាញចេញទៅបូមទឹកចេញពីសហគមន៍ ។
មកទល់នឹងពេលនេះ យុទ្ធនាការជួយសង្គ្រោះកំពុងធ្វើឡើងទាំងយប់ទាំងថ្ងៃ ដោយអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋជិត ១០,០០០ នាក់ ចេញទៅកាន់ទីទួលសុវត្ថិភាព និងកំពុងបន្តដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារជូនប្រជាពលរដ្ឋរងគ្រោះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.