មនុស្ស ២៤ នាក់ស្លាប់ និងជាង ៥០ នាក់របួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកអត្តឃាតលើផ្លូវរថភ្លើង នៅឯភាគនិរតីប្រទេសប៉ាគីស្ថាន
ប៉ាគីស្ថាន៖ សោកនាដកម្មដ៏រន្ធត់មួយបានកើតឡើងនៅឯភាគនិរតីប្រទេសប៉ាគីស្ថាន កាលពីចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏ខ្លាំងក្លាមួយ ដោយបានវាយប្រហារលើខ្សែរថភ្លើងដឹកជញ្ជូន បណ្តាលឱ្យក្បាលរថភ្លើង និងទូររថភ្លើងចំនួន៥ទូ ត្រូវធ្លាក់ផ្លូវ និងក្រឡាប់។ ក្រៅពីរថភ្លើង ព្រឹត្តិការណ៍បានបណ្ដាលឱ្យរថយន្ត និងផ្ទះសម្បែងពលរដ្ឋដែលនៅក្បែរនោះ ត្រូវខូចខាតដូចគ្នាដែរ ។
ការផ្ទុះដ៏សាហាវនេះ កើតឡើងនៅចំថ្ងៃនៃពិធីបុណ្យ អ៊ីដ អិលហ្វីទ្រី (Eid al-Fitr- ពិធីបុណ្យបញ្ចប់ការបួសរបស់ប្រជាជនមូស្លីមនៅទូទាំងសកលលោក) ដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៤ នាក់បាត់បង់ជីវិត និងជាង ៥០ នាក់ផ្សេងទៀតរងរបួស ដែលជនរងគ្រោះភាគច្រើនជាប្រជាពលរដ្ឋ និងកងកម្លាំងយោធាដែលកំពុងធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ។
កម្លាំងសន្តិសុខ និងរថយន្តសង្គ្រោះជាច្រើនគ្រឿង បានសម្រុកចុះទៅកាន់ទីកន្លែងកើតហេតុទាំងប្រញាប់ប្រញាល់ ដើម្បីពន្លត់ភ្លើង, កាយកម្ទេចកម្ទីបាក់បែក, ជួយសង្គ្រោះក្មេងៗ និងប្រជាពលរដ្ឋដែលកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដ៏រន្ធត់នេះ ។
ភ្លាមៗនោះ រដ្ឋមន្ត្រីក្រសួងផ្លូវដែករបស់ប៉ាគីស្ថាន បានចេញមុខថ្កោលទោសយ៉ាងធ្ងន់ធ្ងរលើទង្វើភេរវកម្មដ៏កំសាកនេះ និងបានបញ្ជាឱ្យបើកការស៊ើបអង្កេតបន្ទាន់ ដោយមិនបន្ថយដៃចំពោះក្រុមភេរវករឡើយ។ ទន្ទឹមនឹងនោះ លោកក៏បានធ្វើការអះអាងដែរថា ប្រព័ន្ធផ្លូវដែកជាតិនៅតែបន្តដំណើរការជាធម្មតា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.