ព័ត៌មានអន្តរជាតិ

ផ្ទុះឧស្ម័នអណ្តូងរ៉ែធ្យូងថ្ម លីវស៊ិនយូ ឆក់យកជីវិតមនុស្ស ៨២នាក់ នៅក្នុងប្រទេសចិន

image


ចិន៖ មានករណីផ្ទុះឧស្ម័ន (ហ្គាស) ដ៏រន្ធត់មួយ បានវាយប្រហារនៅឯអណ្តូងរ៉ែធ្យូងថ្ម លីវស៊ិនយូ (Liushenyu) នៅក្នុងប្រទេសចិន កាលពីចុងសប្ដាហ៍កន្លងទៅ ដោយបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៨២ នាក់ ខណៈអ្នករបួសដែលត្រូវសម្រាកនៅមន្ទីរពេទ្យមានចំនួន ១២៨ នាក់ និងជនរងគ្រោះកំពុងបាត់ខ្លួនមានចំនួន ២ នាក់ ក្នុងចំណោមកម្មករជិត ២៥០ នាក់ដែលកំពុងធ្វើការនៅទីតាំងកើតហេតុ ។
 
នៅក្នុងហេតុការណ៍នេះ អាជ្ញាធរចិនបានសម្រេចឃាត់ខ្លួនក្រុមមន្ត្រីទទួលខុសត្រូវលើអណ្តូងរ៉ែធ្យូងថ្មដែលកើតហេតុ និងបានបញ្ជាឱ្យបិទអាជីវកម្មអណ្តូងរ៉ែទាំង ៤ របស់ក្រុមហ៊ុននេះទាំងស្រុង ខណៈដែលអណ្តូងរ៉ែមួយនេះ ធ្លាប់ត្រូវគេព្រមានតាំងពីឆ្នាំ២០២៤ មកម្លេះ ថាជាតំបន់គ្រោះថ្នាក់ព្រោះតែសម្បូរទៅដោយឧស្ម័នពុល ។
 
ភ្លាមៗក្រោយកើតហេតុ អាជ្ញាធរចិនបានសម្រុកបង្កើតមជ្ឈមណ្ឌលបញ្ជាការសង្គ្រោះបន្ទាន់ចម្រុះមួយ និងបានពង្រាយកម្លាំងគ្រូពេទ្យព្រមទាំងក្រុមសង្គ្រោះជិត ៨០០ នាក់ រួមទាំងឡានពេទ្យជិត ៩០ គ្រឿង ដោយថែមទាំងបានប្រើប្រាស់គ្រឿងយន្តរ៉ូបូតឆ្លាតវៃចុះទៅក្រោមដី ដើម្បីវាស់ជាតិពុល និងស្វែងរកជនរងគ្រោះថែមទៀតផង ។
 
ជុំវិញសោកនាដកម្មដ៏រន្ធត់នេះ លោកប្រធានាធិបតី ស៊ី ជិនពីង បានចេញមុខបញ្ជា ដោយបង្គាប់ឱ្យក្រុមការងារទាំងអស់ត្រូវ «ប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត» ក្នុងការជួយសង្គ្រោះជីវិតមនុស្ស និងត្រូវបើកការស៊ើបអង្កេតស្វែងរកមូលហេតុពិតជាដាច់ខាត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.