សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសារសពកម្មករ ដែលបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ចំនួន ៥នាក់
ព្រៃវែង ៖ លោក ហ៊ី ធួក អនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាងលោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្តព្រៃវែង បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសពកម្មករ ដែលបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ចំនួន ៥នាក់ មានទីលំនៅភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនោះ លោក អនុប្រធាន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា" និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្ន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សម្ភារសាខាខេត្ត ផ្ដល់ជូនក្នុង ១គ្រួសារ រួមមាន៖ ទឹកសុទ្ធ ទឹកក្រូច និងថវិកាចំនួន ១,០០០,០០០រៀល, លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកស្រី ថវិកាចំនួន ១,២០០,០០០រៀល និងអនុសាខាស្រុក ផ្ដល់ជូនក្នុង ១គ្រួសារសព រួមមាន៖ អង្ករ ទឹកសុទ្ធ និងទឹកក្រូច៕
អត្ថបទ៖ តែ ផានិត