តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជិត ៥ ភាគរយ ជុំវិញក្ដីសង្ឃឹមនៃការចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់
អន្តរជាតិ៖ ទីផ្សារថាមពលសកល បានបង្ហាញសញ្ញាធូរស្រាលមួយកម្រិត ក្រោយពេលដែលតម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជិត ៥ ភាគរយ មកនៅត្រឹមកម្រិតទាបបំផុតក្នុងរយៈពេលពីរសប្តាហ៍ ដោយសារតែមានក្តីសង្ឃឹមខ្ពស់លើការចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់ ។
ទោះជាយ៉ាងណាក្ដី ផ្លូវឆ្ពោះទៅរកសន្តិភាពនៅតែជួបភាពរកាំរកូស ដោយសារតែលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញមុខបង្គាប់ឱ្យក្រុមអ្នកចរចាអាម៉េរិកកុំឱ្យមានការប្រញាប់ប្រញាល់ខ្លាំងពេក ក្នុងពេលដែលបញ្ហាគន្លឹះជាច្រើនមិនទាន់ដោះស្រាយដាច់ស្រឡះ ។
ចំណុចរាំងស្ទះធំៗដែលភាគីទាំងពីរនៅតែមិនទាន់ត្រូវរ៉ូវគ្នានោះ រួមមាន លក្ខខណ្ឌនៃការប្រគល់ស្តុកសារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់របស់អ៊ីរ៉ង់, ការបញ្ចេញទ្រព្យសម្បត្តិដែលអាម៉េរិកបង្កក និងការរាប់បញ្ចូលប្រទេសលីបង់ទៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ។
ក្រុមអ្នកវិភាគហិរញ្ញវត្ថុ បានធ្វើការវាយតម្លៃថា សារៈសំខាន់បំផុតសម្រាប់ទីផ្សារនាពេលនេះ គឺថា តើច្រកសមុទ្រហ័រមូស នឹងត្រូវបើកឡើងវិញនៅពេលណា និងក្រោមលក្ខខណ្ឌបែបណា ព្រោះបច្ចុប្បន្នការបិទផ្លូវទឹកនេះ កំពុងតែកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ា ។
ទោះបីជាអ្នកជំនាញចាប់ផ្ដើមមើលឃើញពន្លឺនៃក្ដីសង្ឃឹមខ្លះៗ ក្នុងការដោះស្រាយវិបត្តិនេះក៏ដោយ ប៉ុន្តែគេរំពឹងថា វានឹងត្រូវចំណាយពេលរាប់ខែបន្ថែមទៀត ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រេងនិងឧស្ម័នដែលរងនូវការខូចខាតពីសង្គ្រាម ឱ្យវិលទៅរកសភាពដើម ។
ក្រៅពីវិបត្តិប្រេង អ្នកវិនិយោគទូទាំងពិភពលោក កំពុងតែសម្លឹងមើលយ៉ាងដិតដល់ទៅលើចំណាត់ការរបស់ប្រធានធនាគារកណ្តាលអាម៉េរិកថ្មី គឺលោក ឃេវិន វ៉ាស (Kevin Warsh) ជុំវិញទិន្នន័យអតិផរណា (PCE) ដែលរងសម្ពាធពីវិបត្តិសង្គ្រាមនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNA | រូបភាព៖ (REUTERS/Amr Alfiky)/ WION/ News18/ (Kazuhiro NOGI / AFP)