ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Hyundai ប្រកាសប្រមូលរថយន្តជាង ៤២ម៉ឺនគ្រឿងនៅសហរដ្ឋអាម៉េរិក ក្រោយរកឃើញប្រព័ន្ធហ្វ្រាំងដំណើរការខុសប្រក្រតី

image

សហរដ្ឋអាម៉េរិក៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិអាម៉េរិក (NHTSA) បានថ្លែងថា ក្រុមហ៊ុនឡាន ហ៊ីយុនដាយ (Hyundai Motor) កំពុងតែធ្វើការប្រមូលរថយន្តចំនួន ៤២១,០៧៨ គ្រឿងនៅសហរដ្ឋអាម៉េរិកត្រឡប់ទៅវិញ ដោយសារតែមានបញ្ហាកំហុសឆ្គងផ្នែកប្រព័ន្ធបញ្ជា ដែលបង្កឱ្យប្រព័ន្ធហ្វ្រាំងដំណើរការខុសប្រក្រតី និងចាប់ហ្វ្រាំងអូតូដោយឯកឯង ទាំងគ្មានការបញ្ជាពីអ្នកបើកបរ ។

 

ការប្រកាសប្រមូលរថយន្តចូលរោងចក្រវិញនេះ គឺគ្របដណ្ដប់លើរថយន្តស៊េរីឆ្នាំ ២០២៥ ដល់ ២០២៦ មួយចំនួន ដូចជាម៉ូដែល សាន់តា គ្រូស (Santa Cruz) និងម៉ូដែល ទូសាន់ (Tucson) គ្រប់ប្រភេទ ។

 

ទីភ្នាក់ងារសុវត្ថិភាពយានយន្ត បានពន្យល់ថា កំហុសឆ្គងផ្នែកប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងកាមេរ៉ាខាងមុខរបស់រថយន្ត អាចធ្វើឱ្យប្រព័ន្ធការពារ និងទប់ស្កាត់ការប៉ះទង្គិចខាងមុខ ដំណើរការមុនពេលកំណត់ និងបញ្ជាឱ្យចាប់ហ្វ្រាំងដោយស្វ័យប្រវត្តទាំងបង្ខំ ដែលការណ៍នេះ វាបានបង្កើនហានិភ័យខ្ពស់ក្នុងការបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដូចជា ឡានក្រោយ អាចនឹងបុកឡានខាងមុខជាដើម ។

 

ភ្នាក់ងារគ្រប់គ្រងខាងលើ បានឱ្យដឹងបន្ថែមទៀតថា ខាងតំណាងចែកចាយ (Dealers) នឹងធ្វើការជួយអាប់ដេតប្រព័ន្ធបច្ចេកវិទ្យាកាមេរ៉ាខាងមុខនេះ ជូនអតិថិជនដោយមិនគិតថ្លៃសេវាឡើយ ។

 

គួររំឭកដែរថា កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោកមួយនេះ ក៏ទើបតែបានប្រកាសប្រមូលរថយន្តជាង ៥៤,០០០ គ្រឿងនៅសហរដ្ឋអាម៉េរិកត្រឡប់ទៅវិញផងដែរ ដោយសារតែមានហានិភ័យបង្កជាអគ្គិភ័យ ដែលទាក់ទងនឹងការឡើងកម្ដៅខ្លាំងពេក នៅក្នុងប្រព័ន្ធគ្រប់គ្រងថាមពលរបស់ឡានប្រភេទ Hybrid ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ Reuters via CNA | រូបភាព៖ Brendan McDermid & Stephen Lam via Reuters/