ព័ត៌មានជាតិ

គណៈកម្មការទី៤ នៃរដ្ឋសភា ចុះពិនិត្យ និងស្វែងយល់ពីវឌ្ឍនភាពការងារនៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ, សាលានាយទាហានសកម្ម និងមូលដ្ឋានសមុទ្ររាម

image

កំពង់ស្ពឺ៖ លោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខ ងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីវឌ្ឍនភាពការងារនៅវិទ្យាស្ថានបញ្ជាការសេនាធិការ និងសាលានាយទាហានសកម្ម ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ទស្សនកិច្ចសិក្សានេះ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីស្វែងយល់អំពីវឌ្ឍនភាព តួនាទីភារកិច្ច និងការប្រឈមរបស់សាលានាយទា ហានសកម្ម និងវិទ្យាស្ថានបញ្ជាការ-សេនាធិការ ក្នុងការបណ្តុះបណ្តាលធនធាន សំដៅពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ឲ្យមានលក្ខណៈទំនើប ការធ្វើទំនើបកម្មវិស័យការពារជាតិតាមគោលនយោបាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ក្នុងឱកាសនោះ លោក កែប ជុតិមា បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់អំពីការរៀបចំរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន ដើម្បីពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទឱ្យកាន់តែរឹងមាំ និងទំនើប ស្របតាមការអភិវឌ្ឍនៃវិស័យការពារជាតិ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកវិទ្យាស្ថានបញ្ជាការ-សេនាធិការ បានធ្វើបទបង្ហាញអំពីប្រវត្តិ ការអភិវឌ្ឍ និងសមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថាន។ លោក បានជម្រាបថា វិទ្យាស្ថានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងបំប៉នសមត្ថភាពនាយទាហានជំនាន់ថ្មី ដើម្បីបំពេញបេសកកម្មការពារជាតិ និងបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ត្រី ហួរ ម៉េងហួង នាយកសាលានាយទាហានសកម្ម បានរាយការណ៍អំពីតួនាទី និងភារកិច្ចរបស់សាលា ក្នុងការបណ្តុះបណ្តាលនាយទាហានសកម្មតាមបែបវិទ្យាសាស្ត្រទំនើប។ បច្ចុប្បន្នសាលា មានកម្មវិធីបណ្តុះបណ្តាលរយៈពេល ៤ឆ្នាំ ដែលមានកម្រិតស្មើគ្រឹះស្ថានឧត្តមសិក្សា ដោយផ្តោតលើចំណេះដឹង សមត្ថភាព វិន័យ និងភាពជាអ្នកដឹកនាំ ស្របតាមការវិវត្តរបស់សង្គម និងវិស័យការពារជាតិ។

ដោយឡែកលោក ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការសមុទ្ររាម បានធ្វើបទបង្ហាញអំពីសមិទ្ធផល ការអភិវឌ្ឍ និងតួនាទីសំខាន់ៗរបស់មូលដ្ឋានសមុទ្ររាម ដែលផ្តោតលើការការពារជាតិ និងសន្តិសុខដែនសមុទ្រ, ការហ្វឹកហ្វឺនកងទ័ព និងពង្រឹងសមត្ថភាពយោធា និងប្រតិបត្តិការសង្គ្រោះមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត។

លោក កែប ជុតិមា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ យោធាចារ្យ និងបុគ្គលិកទាំងអស់ ដែលបានរួមចំណែកអភិវឌ្ឍធនធាន មនុស្សក្នុងវិស័យការពារជាតិប្រកប ដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ ដើម្បីបន្តរក្សាសន្តិភាព សន្តិសុខ និងបូរណ ភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ លោកប្រធានគណៈប្រ តិភូ ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់ថ្នាក់ដឹកនាំ យោធាចារ្យ និងសិក្ខាកាមទាំង អស់ផងដែរ។

ជាមួយគ្នានេះ លោក បានបន្ថែមថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវការធ្វើទំនើបកម្មលើវិស័យការពារជាតិ រួមមាន ១. ការកែទម្រង់រចនាសម្ព័ន្ធការពារជាតិ ២. ការកែទម្រង់ហ្វឹកហ្វឺន និង៣. ទំនើប កម្មសម្ភារបច្ចេកទេស។ បន្ថែមពីលើនេះ លោក បានគូសបញ្ជាក់ពីសារៈសំខាន់នៃ “ច្បាប់ស្តីពីកាតព្វកិច្ចយោធា” ដែលមានគោលបំណងជំរុញការចូលរួមរបស់យុវជនក្នុងការបម្រើ និងការពារជាតិ ព្រមទាំងបណ្តុះស្មារតីស្នេហាជាតិ និងមោទនភាពចំពោះមាតុភូមិ។

ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋសភា ចំពោះការអភិវឌ្ឍវិស័យការពារជាតិ និងការកសាងធនធានមនុស្សប្រកបដោយគុណភាព សម្រាប់បន្តថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់ តែរីកចម្រើន។

ចំពោះសំណូមពរ និងបញ្ហាប្រឈមនានាដែលវិទ្យាស្ថានបញ្ជាការ-សេនាធិការ និងសាលានាយទាហានសកម្ម និងមូលដ្ឋានសមុទ្ររាម បានលើកឡើង, គណៈ កម្មការទី៤ នឹងធ្វើរបាយការណ៍គោរពជម្រាបជូន សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងជួយធ្វើអន្តរាគមន៍ដោះស្រាយតាមលទ្ធភាពជាក់ស្តែង៕

អត្ថបទ៖ វង សុភ័ក្ត្រ